(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋជឿទុកចិត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសជាតិ ហើយអះអាងថា បច្ចុប្បន្ននេះមិនខ្វះទេបុគ្គលប្រឹងប្រែងដុតប្រទេស និងបំផ្លាញសុខសន្តិភាព។

សម្តេចធិបតី បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតមកពីតាមបណ្តារោងចក្រ សហ​គ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញគ ម្រប់លើកទី១០ តាមការសន្យារបស់សម្តេចតេជោ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា៖ «មិនតិចទេ អ្នកដែលចង់ដុតប្រទេស ម៉្ងៃៗអំពាវនាវឱ្យតែប្រជាពលរដ្ឋងើបបះបោរ ម្ង៉ៃអំពាវនាវឱ្យតែកងកម្លាំងប្រដាប់អាវុធ (បង្វែកាណុង) អ្នកខ្លះជេរថ្នាក់ដឹកនាំរហូតដល់ប្រមាថព្រះមហាក្សត្រថែមទៀត មិនខ្វះទេការខិតខំបំពុល តែជាសិទ្ធិរបស់គេចុះ​ តែកុំនាំប្រជាពលរដ្ឋធ្វើអ្វីមួយដែលខុសច្បាប់ ធ្វើអ្វីមួយដែលបំផ្លាញសុខសន្តិភាព ស្ថិរភាព»

កាលពីខែកក្កដា កន្លងទៅ អំឡុងពេលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ លោក សម រង្ស៉ី រួមទាំងបក្ខពួករបស់ខ្លួន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ហើយក្រោយមកទៀត បានអំពាវនាវឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល។

សម្តេចធិបតី បានរំលឹកអំពីព្រឹត្តិការណ៍នោះ ដោយលើកឡើងថា វាអាស្រ័យលើប្រជាពលរដ្ឋទេ ហើយប្រជាពលរដ្ឋបច្ចុប្បន្ននេះបានដឹងហើយ ជាពិសេសយុវជនយើងឥឡូវគាត់ក៏មានការយល់ដឹងច្រើនដែរ ខុសពីយុវជនជំនាន់មុន។

សម្តេចបញ្ជាក់ថា «ក្មេងឆ្លាតក្មេងដឹងច្រើន អញ្ចឹងបងប្អូនដែលនៅក្នុងវ័យនេះអាចមាមសមត្ថភាពសម្រេច វិនិច្ឆ័យបានថា អ្វី​ល្អអ្វីអាក្រក់ អ្វីជាផលសម្រាប់យើង អ្វីបំផ្លាញផលរបស់យើង»

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណុចនេះហើយ ដែលការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តកន្លងទៅនេះ មានប្រជាពលរដ្ឋជាង ៨លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋជាង ៩លាននាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ទោះបីជាមានការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតក៏ដោយ ហើយក្នុងចំណោមនោះ មានសន្លឹកឆ្នោតជាង៩៥ភាគរយ ដែលបោះបា​នត្រឹមត្រូវ មិនគូសបំផ្លាញសន្លឹកឆ្នោតតាមការអំពាវនាវនោះទេ។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «បងប្អូនយល់ថា ការបោះឆ្នោតគឺជាវិធីតែមួយគត់ ដែលមានលទ្ធិប្រជាធិបតេយ្យ ស្រួល មិនមានធ្វើឱ្យប្រទេសយើងក្រឡាប់ចក្រដើម្បីរើសមេដឹកនាំ​ ហើយក្នុងនោះបានផ្តល់ការទុកចិត្តទៅលើគណបក្សប្រជាជន ព្រោះឃើញស្នាដៃដែលគណបក្សប្រជាជនផ្តល់ជូន ជាពិសេសក្រោមដឹកនាំរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំរបស់គណបក្សរាប់សិបឆ្នាំមកនេះ បានផ្តល់ជូនប្រជាជន»

សម្តេចបានបញ្ជាក់បន្ថែមទៀតថា ទោះបីជាមានការអំពាវនាវរបស់មេដឹកនាំក្រុមប្រឆាំងជ្រុលនិយមយ៉ាងណាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋបានធ្វើការសម្រេចចិត្តរបស់ខ្លួនតាមរយៈការបោះឆ្នោត ដោយឆ្លើយតបទៅកាន់មេដឹកនាំក្រុមប្រឆាំងដែលអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតនោះថា ពលរដ្ឋខ្មែរមានសិទ្ធិក្នុងការវិនិច្ឆ័យដោយខ្លួនឯង ហើយការបោះឆ្នោតរបស់ប្រជាពលរដ្ឋ​ពេលនោះ គឺបន្តផ្តល់ការគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស៕