(ភ្នំពេញ)៖ មន្ទីរពេទ្យជោរ៉ៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHG Pharma នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានបង្កើតកម្មវិធីសប្បុរសធម៌មួយ ដោយធ្វើការពិនិត្យ និងព្យាបាល ជូនអ្នកជំងឺសរសៃឈាមបេះដូង ដោយឥតគិតថ្លៃ។
អ្នកស្រីវេជ្ជបណ្ឌិតឯកទេសបេះដូង ប្រចាំមន្ទីរពេទ្យជោរ៉ៃហូជីមិញ បានបញ្ជាក់ថា ព្រឹកនេះមានការពិនិត្យ និងព្យាបាលជំងឺ ជូនអ្នកជំងឺសរសៃឈាមបេះដូងចំនួន៥០នាក់ ដោយឥតគិតថ្លៃ។
អ្នកស្រីវេជ្ជបណ្ឌិតបន្តថា ឆ្លងកាត់តាមការពិនិត្យ និងពិគ្រោះ ជាមួយអ្នកជំងឺកម្ពុជា បានបង្ហាញថា អ្នកជំងឺសរសៃឈាមបេះដូង នៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសវៀតណាម មិនមានលក្ខណៈខុសគ្នាប៉ុន្មាននោះទេ។
លោក ញ៉ូវ តានវៀត ប្រធានផ្នែកទីផ្សារក្រុមហ៊ុន DHG Pharma បានឲ្យដឹងដែរថា ការចូលរួមពិនិត្យសុខភាព ជូនប្រជាជនកម្ពុជា គឺជាប្រពៃណីនៃ ក្រុមហ៊ុនរបស់លោក ហើយក្រុមហ៊ុនរបស់លោក សហការណ៍ជាមួយនឹង មន្ទីរពេទ្យជោរ៉ៃភ្នំពេញ នឹងបន្តសកម្មភាពសប្បុរសធម៌នេះជាបន្តទៀត។
ជាមួយគ្នានេះ អ្នកស្រីវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង បានឲ្យដឹងថា ដើម្បីការពារ និងជៀសវាង ការកើតមានជំងឺសរសៃឈាមបេះដូង ដែលអាចសម្លាប់មនុស្ស សូមបងប្អូនកុំឲ្យទទួលទានប្រៃខ្លាំង, ខ្លាញ់ច្រើន, កុំពិសារស្រា និងបារី ហើយត្រូវហាត់ប្រាណឲ្យបានទៀងទាត់៕