(ភ្នំពេញ)៖ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ ១៣០នាក់ ទទួលបានចំណេះដឹងបន្ថែម ស្តីពី «ជំងឺអេដស៍, កាមរោគ, សុខភាពផ្លូវភេទ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក» ពីកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

វគ្គអប់រំផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក ប៊ុន រស្មី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបជាមួយក្មួយៗនិស្សិត និងគណៈគ្រប់គ្រង សាស្តាចារ្យទាំងអស់ ដែលបានអញ្ជើញចូលរួមកម្មវិធីនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកសាកលវិទ្យាធិការ ដែលបានផ្តល់ទីកន្លែង និងអនុញ្ញាតឱ្យនិស្សិតបានចូលរួមកម្មវិធីនាពេលនេះ។

លោកស្រីបានគូសបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះគឺជាដំណើរឈានឆ្ពោះការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» ដែលកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននិងកំពុងចុះអនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាមួយចំនួនក្នុងរាជធានីភ្នំពេញ។

គោលបំណងដែលជ្រើសរើសយុវជនក្នុងវគ្គផ្សព្វផ្សាយដោយហេតុផលថា «យុវជនជាទំពាំងស្នងឬស្សី យុវជនគឺជាអ្នកបន្តវេន ជាពិសេសគឺបញ្ហានៃការច្លងមេរោគអេដស៍នេះ ភាគច្រើនកើតឡើងក្នុងចំណោមយុវជន ដូច្នេះយុវជនត្រូវលើកកម្ពស់ការយល់ដឹងដើម្បីបង្ការខ្លួនពីមេរោគអេដស៍»

ទន្ទឹមនឹងនេះ លោកស្រីបានផ្តល់នូវខ្លឹមសារគន្លឹះមួយចំនួនពាក់ព័ន្ធទៅនឹង ជំងឺអេដស៍, កាមរោគ, សុខភាពស្ត្រីនិងកុមារ, សុខភាពមនុស្សចាស់, ជំងឺមហារីកសុដន់, ជំងឺមហារីកមាត់ស្បូន និងជំងឺផ្សេងៗដែលបង្កឡើងដោយការបរិភោគអាហារមិនបានត្រឹមត្រូវ, សុខភាពផ្លូវភេទ, ការថែទាំសុខភាពបឋម, និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលជាប្រធានបទផ្តោតនាថ្ងៃនេះជាដើម។

លោកស្រីសង្ឃឹមជឿជាក់ថា ចំណេះដឹងដែលនិស្សិតទទួលបាននៅពេលនេះ នឹងបានយកទៅចែករំលែកបន្តដល់មិត្តដទៃទៀត ក្នុងនាមមិត្តអប់រំមិត្តដ៏ល្អ គឺជាគំរូសម្រាប់ធ្វើការអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិដទៃទៀត និងក្រុមគ្រួសាររបស់ខ្លួន ព្រោះថា ការយល់ដឹង និងការរួមចំណែកផ្សព្វផ្សាយបន្តរបស់ក្មួយៗគឺការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានជោគជ័យផងដែរ ព្រោះក្មួយៗនិស្សិតទាំងអស់ ជាធនធានមនុស្ស ដែលមានទាំងសមត្ថភាព ជំនាញ បំនិនជីវិត និងមានសុខភាពល្អ។

គួររម្លឹកថាវគ្គអប់រំផ្សព្វផ្សាយនេះ លោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានធ្វើការផ្សព្វផ្សាយស្តីពីប្រធានបទខាងលើ ដោយក្នុងនោះ លោកបណ្ឌិត បានគូសបញ្ជាក់អំពី សារបានរបស់ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ ចំពោះគំរូវីរភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាស្ត្រីទី១នៃកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយអត្រាឆ្លងមេរោគអេដស៍ តាមរយៈការអប់រំផ្សព្វផ្សាយជាប្រចាំ ជាពិសេសការមិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ទើបអង្គការសហប្រជាជាតិ បានសម្រេចប្រគល់ជូននូវគោរមងារដ៏ឧត្តុង្គឧត្តមចំនួន២ ជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែម្នាក់គត់នៅក្នុងប្រទេស នោះគឺ ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ទទួលបានថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ទទួលបានថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១៕