(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងអគ្គស្នងការនគរបាលជាតិ បានរួមគ្នារៀបចំនូវសិក្ខាសាលាមួយ ស្ដីពីច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងបញ្ហាប្រឈម។
គោលបំណងនៃការធ្វើសិក្ខាសាលា ដែលរៀបចំនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ធ្វើឡើងដើម្បីផ្សព្វផ្សាយ និងបញ្ជៀសគ្រោះថ្នាក់ ចរាចរណ៍ដល់សាធារណជន បុគ្គលិកសាស្រា្តចារ្យ ជាពិសេសនិស្សិតដែលកំពុងសិក្សាថ្នាក់ ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ។
លោក សួស សោភា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានមានថ្លែងឲ្យដឹងថា ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបញ្ចៀសបញ្ជ្រាប និងកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតមានឡើងស្ទើរតែរាល់ថ្ងៃក៏ដូចជាឲ្យ ស្របតាមកម្មវិធីសិក្សា យើងបានបង្កើតឲ្យមានកម្មវិធីនេះ ឡើង ដើម្បីចូលរួមអប់រំផ្សព្វផ្សាយ ឲ្យបានស៊ីជម្រៅដល់ប្រជាជន មហាជន យុវជនសិស្ស-និស្សិត គ្រប់មជ្ឈដ្ឋានឲ្យគាត់បានយល់ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការគោរពច្បាប់ចរាចរណ៍ រួមមានការគោរពស្លាក សញ្ញា ភ្លើងសញ្ញា និងចៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង គ្រឿងញៀន ការបើកបរហួសល្បឿនកំណត់ការបើក ប្រជែងគ្នានិងការផ្ទុកទម្ងន់ ហួសចំណុះជាពិសេស ពាក់មួកសុវត្ថិភាពផងដែរ។
លោក សួស សោភា បញ្ជាក់ជូនក្នុងអង្គសិក្ខាសាលានាពេលនេះថា ពិតជាមានសារសំខាន់ណាស់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងចូលរួមចំណែកក្នុងការថែរក្សា ធនធានមនុស្សស្របតាមយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា។
ជាមួយគ្នានេះដែរលោកក៏បានផ្តាំផ្ញើ ក្រើនរំលឹកបន្ថែម ដល់ប្អូនៗនិស្សិតទាំងអស់ដែលមានវត្តមាន នៅទីនេះ សូមប្អូនៗខិតខំព្យាយាម យកចិត្តទុកដាក់ស្តាប់បទបង្ហាញនាពេលបន្តិចទៀតនេះ ដើម្បីជាចំណេះដឹងផ្ទាល់ខ្លួនផង និងចែករំលែកទៅមិត្តភ័ក្រ្ត ក្រុមគ្រួសារផង ។
លោក សាយ សំអាត នាយកការិយាល័យស្តីទីនីតិវិធី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានធ្វើបទបង្ហាញ បញ្ជាក់សារចុះសារឡើង ក្នុងអង្គពិធីដោយបង្ហាញរូបភាពតាម LCD និងរូបសញ្ញាចរាចរណ៍ ជាច្រើនដើម្បីឲ្យអង្គពិធីបានយល់ច្បាស់ ថែមទៀត ជាប្រយោជន៍បានយល់ ដឹងអំពីការគោរព ច្បាប់ ចរាចរណ៍ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងក្នុងន័យការពារអាយុជីវិត ទ្រព្យសម្បត្តិមធ្យោបាយ និង គ្រោះថ្នាក់ផ្សេងៗទៀត ដែលបង្កឡើងដោយធ្វើការចរាចរណ៍នេះ សមដូចពាក្យមួយឃ្លា ពោលថា «ថៃ្ងនេះ ថៃ្ងស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានមកធ្វើការ បញ្ជាក់ លើកច្បាប់ចរាចណ៍ ផ្លាកសញ្ញាចរាចណ៍ ការផាកពិន័យ រហូតដល់ការដាក់ទោស ដល់ប្អូននិស្សិតចូលរួមក្នុងសិក្ខាសាលា នេះផងដែរ៕