(ប៉េកាំង)៖ យោធាចិនបានប្រកាសថា នឹងធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រជប៉ុន (Sea of Japan) ដោយអះអាងថា ទង្វើរបស់ខ្លួនបែបនេះ គឺស្របទៅតាមច្បាប់ និងការអនុវត្តរបស់អន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦។
មួយរយៈក្រោយនេះ អន្តរជាតិបានសង្កេតឃើញថា កងទ័ពជើងទឹកចិនបានបង្កើន ការធ្វើសមយុទ្ធ នៅដែនទឹក ឆ្ងាយៗពីប្រទេសរបស់ខ្លួន ដោយយោងទៅលើហេតុផលថា ជាការបង្កើនសមត្ថភាព បំពេញប្រតិបត្តិការនានា។ កាលពី ឆ្នាំ ២០១៥ យោធាជើងទឹកចិន ដែលមាននាវាចំនួន ៥គ្រឿង បានទៅធ្វើលំហាត់ហ្វឹកហ្វឺន នៅក្នុងដែនទឹកអន្តរជាតិ Bering Sea ក្បែរកោះ Alaska របស់សហរដ្ឋអាមេរិក។
មេបញ្ជាការដឹកនាំសមយុទ្ធលោក Xu Haihua បាននិយាយថា «សមយុទ្ធខាងលើនេះ គឺជាផ្នែកមួយនៃការរៀបចំ ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក៏ស្ថិតនៅក្នុងគោលដៅបង្កើតសមត្ថភាព ក្នុងការគ្រប់គ្រងក្បួននាវាដើម្បីធ្វើការប្រយុទ្ធ នៅក្នុងដែនសមុទ្រឆ្ងាយៗពីប្រទេសផងដែរ»។ គួរបញ្ជាក់ថា សមុទ្រជប៉ុន គឺជាផ្លូវសមុទ្រយុទ្ធសាស្ត្រ ដែលជាប់នឹង ប្រទេសជប៉ុន, រុស្ស៊ី, កូរ៉េខាងត្បូង, និង កូរ៉េខាងជើង ហើយវាជាសិទ្ធិរបស់ប្រទេសនានា ក្នុងការប្រើប្រាស់សមុទ្រនេះ៕