(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ពិធីសំណេះសំណាលបំពាក់ឋានន្តរសក្ដិ ជូននាយទាហាន នាយទាហានរង ចូលសោធននិវត្តន៍ ពិការ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជការយោធភូមិភាគទី៥ តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានយោធភូមិភាគទី៥។

អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៣នេះ យោធិន ចំនួន ២៣០នាក់ ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្នុងឆ្នាំ២០២៣។

មានមតិសំណេះសំណាលនាឱកាសនោះ ឧត្តមសេនីយ៍ឯក ឯក សំអូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការដឹងគុណ ចំពោះយោធិនចូលនិវត្តន៍ យោធិនពិការគ្រប់រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ហើយស្ទើរពេញមួយជីវិត បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។

ឧត្តមសេនីយ៍ឯក ឯក សំអូន បញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាព និងស្មារតីស្នេហាជាតិនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងនិងការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន។

លោកបានរម្លឹកពីស្នាដៃយោធិនចូលនិវត្តន៍  ពិការ ដែលបានរួមចំណែកដល់សង្គមជាតិនាពេលកន្លងមក រួមមាន: ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ការចូលរួមអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ការស្ដារនិងអភិវឌ្ឍ ការថែរក្សាសន្តិភាព ស្ថិរភាព និងការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាដើម។

ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ថ្ងៃនេះបើទោះបីអស់លោក លោកស្រី ត្រូវបានសម្រាកពីការងារ ប៉ុន្តែបានបន្សល់ទុកស្នាដៃ និងបទពិសោធន៍ជាច្រើនសម្រាប់យោធិនជំនាន់ក្រោយ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក សូមចងចាំជានិច្ចចំពោះការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់អស់លោក លោកស្រី។

ឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានផ្ដាំផ្ញើដល់គ្រប់អង្គភាព ត្រូវបន្តសហការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ឧបត្ថម្ភដល់និវត្តន៍ជន និងយុទ្ធជនពិការក្នុងពិធីផ្សេងៗ នៅតាមមូលដ្ឋាន និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាក្នុងនាមយុទ្ធមិត្តដែលធ្លាប់រួមការងារជាមួយគ្នា៕