(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា សុវត្ថិភាពចរាចរណ៍ គឺជាបញ្ហាសុខភាពសាធារណៈ ដែលទាមទារឱ្យមានការ ដោះស្រាយបន្ទាន់ ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែមានកម្រិតខ្ពស់ នៅតែមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ និងកើនឡើង ជាបញ្ហាប្រឈមចំពោះមុខ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើង ក្នុងពិធីផ្សព្វផ្សាយប្រកាស ស្តីពីការប្រើប្រាស់ទ្រូងផ្លូវ និងប្រកាស ស្តីពីចន្លោះសុវត្ថិភាពក្នុងការបើកបរយានយន្ត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងថា ដើម្បីដោះស្រាយការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍រាជរដ្ឋាភិបាលបានបង្កើតយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការដឹកនាំ ដែលនៅថ្នាក់ជាតិមានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាប្រធាន លោកជាអនុប្រធានអចិន្ត្រៃយ៍ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាសមាជិក។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ដ្បិតថាយើងមានគណៈកម្មាធិការ អនុគណៈកម្មាធិការ ប៉ុន្តែបើមិនមានការចូលរួមក៏នៅតែមិនអាចសម្រេចបាននូវគោលដៅរួម ដូច្នេះខ្ញុំសូមយក ឱកាសនេះស្នើសុំឱ្យមានការចូលរួមពី គណៈកម្មាធិការ អនុគណៈកម្មាធិការ ក៏ដូចជាកម្លាំងសរុប ដើម្បីសម្រេចគោលដៅរួមក្នុងការកាត់ បន្ថយគ្រោះថ្នាក់ចរាច រណ៍ផ្លូវគោក»។

លោកបានលើកឡើងថា បទដ្ឋានគតិយុត្តនេះនឹងនៅតែលើក្រដាស ប្រសិនបើគ្មានការផ្សព្វផ្សាយ និងពុំទទួលបានការចូលរួមអនុវត្តពីប្រជាពលរដ្ឋទេ។ ត្រង់ចំណុចនេះ សូមថ្នាក់ដឹកនាំទទួលបន្ទុក ពិសេសអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ បើមិនដូច្នោះទេប្រជា ពលរដ្ឋបើកបរលើដងផ្លូវនៅតែមិនដឹង មិនយល់ និងមិនបានចូលរួមអនុវត្ត ហើយបញ្ហា គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះនៅតែបន្តកើតមាន បើទោះបីជាយើងមានច្បាប់ បទដ្ឋានគតិយុត្តក៏ដោយ។

លោករដ្ឋមន្ត្រីបានបន្ថែមថាការផ្សព្វផ្សាយផ្ទាល់នៅទីនេះមានប្រសិទ្ធិភាព ប៉ុន្តែចំនួនចូលរួមមានកម្រិតកំណត់ មានន័យថា អ្នកចូលរួមនៅទីនេះបានយល់ដឹង ប៉ុន្តែប្រជាពលរដ្ឋជាច្រើនដែលបើ កបរនៅលើដងផ្លូវពុំបានយល់ដឹងទេ ដូច្នេះថ្នាក់ដឹក នាំទទួលបន្ទុក និងអង្គភាពជំនាញ សូមមានចក្ខុវិស័យក្នុងការផ្សព្វផ្សាយ។ ខ្ញុំយល់ថាគួររកមធ្យោបាយផ្សព្វផ្សាយតាមបណ្តាញសង្គម នោះខ្លឹមសារនឹងបានទៅដល់ប្រជាពលរដ្ឋទូទៅ។

លោកបញ្ជាក់ថា៖«សូមចូលរួមធ្វើជាគំរូលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈ ការបើកបរដោយប្រកាន់ស្តាំ ត្រូវទុកចន្លោះសុវត្ថិភាពពីយានខាងមុខឱ្យបានត្រឹមត្រូវ និង ចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា»។

បើតាមលោករដ្ឋមន្ត្រីបានឲ្យដឹងថា បើពិនិត្យក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣នេះ នៅទូទាំងប្រទេសកម្ពុជា មាន គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងចំនួន ២.៧១៦លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១.២៨៦នាក់ អ្នករបួសធ្ងន់ចំនួន ២.២៥៨នាក់ និងអ្នករបួសស្រាលចំនួន ១.៣៨២នាក់។ ហើយក្នុងចំនួនជនរងគ្រោះទាំងនេះ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ២.៥២៤នាក់។ បើប្រៀបធៀបទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេលដូចគ្នា ១០ខែ ឆ្នាំ២០២២ ឃើញថាអត្រានៃចំនួនគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៩% អ្នកស្លាប់បាន ថយចុះ ១១% អ្នករបួសធ្ងន់បានកើនឡើង ៣% អ្នករបួសស្រាលបានកើនឡើង ១០% និងអ្នកមិនពាក់មួកសុវត្ថិភាពបានថយចុះ ១០%។

លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា តាមការប៉ាន់ប្រមាណ គ្រោះថ្នាក់ចរាចរណ៍បានធ្វើ ឱ្យប្រ ទេសកម្ពុជាយើងខាតបង់ ថវិកា ក្នុងមួយឆ្នាំៗរហូតដល់ជាង ៤០០រយលានដុល្លារសហរដ្ឋអាម៉េរិក ដោយមិនគិតពីផលលំបាកសង្គមដូចជា ការបន្សល់ ទុកពិការភាព កុមារកំព្រា ស្ត្រីមេម៉ាយ និងធ្វើឱ្យសេដ្ឋ- កិច្ចគ្រួសារមួយចំនួនធ្លាក់ទៅក្នុងស្ថានភាពក្រីក្រជាដើម។ល៕