(ភ្នំពេញ)៖ កម្លាំងក្រុមល្បាតរបស់នគរបាលខណ្ឌទួលគោក និងកម្លាំងចុះបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌក្នុងខណ្ឌទួលគោក នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាក់ស្តែងរួមទាំងវត្ថុតាង​ពីិបទជួញដូរគ្រឿង ស្ថិតនៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២១ សង្កាត់បឹងកក់ទី២ ដោយដកហូតថ្នាំញៀនចំនួន២០កញ្ចប់។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថាជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ មាស សុចិត្រា ហៅ ចិត្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២២ ផ្លូវលេខ៥៦៦ ក្រុមទី៩៤ភូមិ២១ សង្កាត់បឹងកក់ទី២។

តាមដំណើររឿង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ងប្រហែល២៣៖២០នាទី កម្លាំងក្រុមល្បាតរបស់​នគរបាល​ បានចេញល្បាតក្នុងមូលដ្ឋានខណ្ឌទួលគោ​កពិសេស​តាមតំបន់អាណាធិបតេយ្យ។

នៅពេលល្បាតដល់ចំណុចដូចខាងលើក៏បានជួបប្រទះជនសង្ស័យឈ្មោះ មាស សុចិត្រា កំពុងឈរលក់គ្រឿងញៀន រួចក៏ធ្វើការឃាត់ខ្លួនបានជាក់ស្តែង រួមជាមួយនឹងវត្ថុតាង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឈរធ្វើសកម្មភាពលក់គ្រឿងញៀន រួមទាំងទទួលស្គាល់ថាក្រាមពណ៌សថ្លា ដែលសង្ស័យជាសារជាតិញៀន ចំនួន២០ថង់តូច និងយ៉ាម៉ាចំនួន០១គ្រាប់​ពិតជារបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យឈ្មោះ មាស សុចិត្រា ហៅ ចិត្ត កំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំ​ណុំរឿងបញ្ជូនទៅសាលា​ដំបូងរាជធានីភ្នំពេញ​​ចាត់ការតាមផ្លូវច្បាប់៕