(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ប្រកាសស្តីពីការប្រើប្រាស់ទ្រូងផ្លូវ និងប្រកាសស្តីពីចន្លោះសុវត្ថិភាពបើកបរយានយន្ត។
ពិធីនេះដែរបានធ្វើឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង តំណាងអគ្គស្នងការនគរបាលជាតិ តំណាងអគ្គស្នងការនគរបាលរាជធានី-ខេត្ត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តំណាងសមាគមដឹកជញ្ជូន តំណាងក្រុមហ៊ុនដឹកជញ្ជូន និងតំណាងសាលាបង្រៀនបើកបរ សរុបប្រមាណ ៣០០រូប។
ពិធីនេះគឺផ្តោតសំខាន់លើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាបណ្តុះបណ្តាលចំពោះអ្នកបើកបរ និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូននៅលើផ្លូវ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ លើកកម្ពស់សណ្តាប់ធ្នាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ផងដែរ៕