(ភ្នំពេញ)៖ លោកបណ្ឌិត ឆាលស៍ យ៉ាង (Charles Yang) ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation- UPF) ​បានលើកឡើងថា បទពិសោធន៍ដ៏ជោគជ័យរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងការនាំមកនូវសុខសន្តិភាពជូនប្រទេសកម្ពុជា គឺជាគំរូវីរភាពនៃការដឹកនាំដ៏ល្អ សម្រាប់ពិភពលោកអាចយកជាគំរូ។

ប្រធានសហព័ន្ធសន្តិភាពសកល បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិតក៏បានគោរពជម្រាបជូន សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ក្រោយពីបានទស្សនកិច្ចនូវវិមានឈ្នះ-ឈ្នះ លោកបណ្ឌិត ពិតជាមានក្តីរំភើប និងស្ងប់ស្ញែងយ៉ាងក្រៃលែងចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម និងការនាំមកនូវសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសជូនប្រជាជនកម្ពុជា។

លោកក៏បានបញ្ជាក់ថា តាមរយៈបទពិសោធន៍ដ៏ជោគជ័យរបស់ សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាម និងការនាំមកនូវសុខសន្តិភាពជូនប្រទេសកម្ពុជានេះ គឺជាគំរូវីរភាពនៃការដឹកនាំដ៏ល្អ សម្រាប់ពិភពលោកអាចយកជាគំរូ ដើម្បីដោះស្រាយបញ្ហាជម្លោះ និងការបែកបាក់ដែលបាននិងកំពុងកើតឡើង។

បន្ថែមលើសពីនេះ លោកបណ្ឌិត បានស្នើសុំការគាំទ្រពី សម្តេចធិបតី លើធម្មនុញ្ញសន្តិភាពសកលដែលរៀបចំឡើងដោយ UPF និងបានគោរពអញ្ជើញ សម្តេចធិបតី ចូលរួមមហាសន្និបាតមេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិ ដែលរៀបចំដោយ UPF នៅទីក្រុងញូយ៉ក នាខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងតួនាទីរបស់ UPF ដែលបានធ្វើជាស្ពានក្នុងការរួមចំណែក និងសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធីចំពោះរដ្ឋនិងរដ្ឋ ក៏ដូចជាក្នុងតំបន់ ព្រមទាំងបានបញ្ជាក់អំពីការបន្តការរួមចំណែក និងគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា លើធម្មនុញ្ញសន្តិភាពសកលរបស់ UPF ផងដែរ។ ទន្ទឹមនឹងនោះ ចំពោះការអញ្ជើញ សម្តេចធិបតី ចូលរួមក្នុងមហាសន្និបាតមេដឹកនាំពិភពលោកនៅទីក្រុងញូវយ៉ក នាពេលខាងមុខនេះ សម្តេចធិបតី នឹងពិចារណា ហើយនឹងជម្រាបជូនលោកបណ្ឌិតវិញនាពេលក្រោយ។

មុននឹងបញ្ចប់ សម្តេចធិបតី បានអរគុណចំពោះជំនួយរបស់ UPF ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (THYDA) តាមរយៈកិច្ចសហការរវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាការរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជានាពេលកន្លងមក និងលើកទឹកចិត្តដល់ UPF បន្តរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនៅកម្ពុជា ក្នុងការលើកម្ពស់ សុខមាលភាពរបស់ប្រជាជនកម្ពុជា ហើយ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា និងUPF មានគោលដៅរួមគ្នាក្នុងការកសាង និងរក្សានូវសុខសន្តិភាព សាមគ្គីភាព និងការរីកចម្រើនរួមរបស់សង្គមផងដែរ៕