(ភ្នំពេញ)៖ ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation- UPF) ​បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួម មហាសន្និបាតមេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក នាខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ការអញ្ជើញនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចធិបតី បានអនុញ្ញាតឱ្យ លោកបណ្ឌិត ឆាលស៍ យ៉ាង (Charles Yang) ប្រធានសហព័ន្ធសន្តិភាពសកល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

នៅក្នុងជំនួបនេះ លោកបណ្ឌិត បានស្នើសុំការគាំទ្រពី សម្តេចធិបតី លើធម្មនុញ្ញសន្តិភាពសកលដែលរៀបចំឡើងដោយ UPF និងបានគោរពអញ្ជើញ សម្តេចធិបតី ចូលរួមមហាសន្និបាតមេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិ ដែលរៀបចំដោយ UPF នៅទីក្រុងញូយ៉ក នាខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងតួនាទីរបស់ UPF ដែលបានធ្វើជាស្ពានក្នុងការរួមចំណែក និងសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធីចំពោះរដ្ឋនិងរដ្ឋ ក៏ដូចជាក្នុងតំបន់ ព្រមទាំងបានបញ្ជាក់អំពីការបន្តការរួមចំណែក និងគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា លើធម្មនុញ្ញសន្តិភាពសកលរបស់ UPF ផងដែរ។ ទន្ទឹមនឹងនោះ ចំពោះការអញ្ជើញ សម្តេចធិបតី ចូលរួមក្នុងមហាសន្និបាតមេដឹកនាំពិភពលោកនៅទីក្រុងញូវយ៉ក នាពេលខាងមុខនេះ សម្តេចធិបតី នឹងពិចារណា ហើយនឹងជម្រាបជូនលោកបណ្ឌិតវិញនាពេលក្រោយ៕