(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ រស់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំទាំងអស់ អាចប្រើប្រាស់ទីតាំងស្នាក់ការគណបក្សប្រជាជនកម្ពុជា ជាសាធារណៈសម្រាប់ប្រារព្ធពិធីបុណ្យទាន ឬពិធីមង្គលការផ្សេងៗ ដោយមិនគិតថ្លៃ ទោះមាននិន្នាការគាំទ្រគណបក្ស នយោបាយផ្សេងគ្នាក៏ដោយ។
លោក ជា សុផារ៉ា បានលើកឡើងបែបនេះ ខណៈលោកចូលរួមជាអធិបតីក្នុងពិធីសម្ពោធអគារ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
លោក ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាម ជាប្រធានក្រុមការងារ ថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកក្រូចឆ្មារ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ និងសម្តេចកត្តិព្រឹត្តបណ្ឌិត ដែលបានផ្តល់ថវិកាក្នុងការសាងសង់អគារ ព្រមទាំងមិត្តភក្តិនិងសហការី ដែលបានជួយគាំទ្រសម្រាប់ដំណើរការសាងសង់ទាំងអស់។
គួរបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសាងសង់នៅ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានទំហំ៥៦ម៉ែត្រ គុណ២៨ម៉ែត្រ នៅលើផ្ទៃដីជិត១ហិកតា៕