(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម ព្រមទាំងភាគីពាក់ព័ន្ធ គ្រោងរៀបចំវេទិកាស្វាយចន្ទី ក្រោមមូលបទ «ផ្សព្វផ្សាយសក្តានុពលស្វាយចន្ទីកម្ពុជា» នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ ដែលជាឱកាសល្អមួយសម្រាប់ម្ចាស់សិប្បកម្ម ម្ចាស់ក្រុមហ៊ុនកែច្នៃ បានផ្សព្វផ្សាយផលិតផល និងស្វែងរកដៃគូរពាណិជ្ជកម្ម។
វេទិកានេះនឹងមានការប្រមូលផ្តុំគ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ការតាំងបង្ហាញផលិតផលស្វាយចន្ទី និងឧបករណ៍ សម្ភារពាក់ព័ន្ធនឹងខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទី និងការផ្គូរផ្គងធុរកិច្ចជាដើម សំដៅជំរុញ និងលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជា។
ក្រសួងពាណិជ្ជបានលើកទឹកចិត្តដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ។ សម្រាប់ ម្ចាស់សិប្បកម្ម ម្ចាស់ក្រុមហ៊ុនសហគ្រាស ដែលមានបំណងចូលរួមដាក់បង្ហាញផ្សព្វផ្សាយ និងស្វែងរកដៃគូរពាណិជ្ជកម្ម សូមទាក់ទងក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា ស្វាយចន្ទី គឺដំណាំយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការនាំចេញឱ្យបានច្រើនជាងគេនៅលើពិភពលោក ឬអាចនិយាយបានថា «ជាអធិរាជ» នាំចេញគ្រប់ស្វាយចន្ទីនាពេលខាងមុខ ស្របពេលដែលរាជរដ្ឋាភិបាលទើបតែ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដែលជាផែនទីចង្អុលផ្លូវ ផ្តោតទៅលើគោលដៅយុទ្ធសាស្ត្រធំៗ ដូចជាបង្កើនការដាំដុះ ផលិត កែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី ទៅទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។
យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជា មានប្រមាណជាង៧០ម៉ឺនហិកតា។ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានដូចជា ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀត ក៏កំពុងតែសម្លឹងមើលឱកាសក្នុងការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារប្រទេសខ្លួនផងដែរ។
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ស្មើនឹង២៤នៃការផលិតសរុប, ប្រទេសកូតឌីវ័រផលិតបាន១ ១០០ ០០០តោន ស្មើនឹង ២២%នៃការផលិតសរុប ,ប្រទេសឥណ្ឌាផលិតបាន ៨០០ ០០០តោន ស្មើនឹង១៦%នៃការផលិតសរុប, ប្រទេសវៀតណាម ផលិតបានប្រមាណ ៣៩៩ ០០០តោនស្មើនឹង៨%នៃការផលិតសរុប រួមនឹងប្រទេសផ្សេងៗទៀត មានប្រមាណ១ ៥២៣ ២២២តោន៕