(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម  Sergey Glaziev សមាជិកក្រុមប្រឹក្សា (រដ្ឋមន្ត្រី) ទទួលបន្ទុកសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែងដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវនិយោគ បរិវត្តកម្មឌីជីថល និងនិរន្តរភាពនៅក្នុងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។

នៅព្រឹកថ្ងៃចន្ទ ដែលជាថ្ងៃដំបូងនៃទិវាអាស៊ាន-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ដើម្បីអបអរសាទរខួប ៥ឆ្នាំ នៃការចុះហត្ថលេខាអនុស្សារណៈយោគយល់គ្នា រវាងអាស៊ាន និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុបអាស៊ី នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន រួមជាមួយឥស្សរជនផ្សេងទៀត បានអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

អនុស្សារណៈយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីចូលរួមចំណែកដល់ពាណិជ្ជកម្ម ការវិនិយោគ និងការពង្រីកផ្នែកសេដ្ឋកិច្ចរវាងអាស៊ាន និងរដ្ឋសមាជិក នៃសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី។

នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Simon Tay ប្រធានវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងសកលលោកផងដែរ។

ជាមួយគ្នានេះ បណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឱ្យគណៈប្រតិភូមកពីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ចូលរួមសំដែងការគួរសម។

អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

សូមជម្រាបជូនថា ចាប់តាំងពីការបង្កើតទស្សនកិច្ចផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ឥណ្ឌា ក្នុងឆ្នាំ២០០៤ មក មន្ត្រីប្រព័ន្ធផ្សព្វផ្សាយជាង ១៦០ នាក់ មកពីសមាជិកអាស៊ានបានធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា ហើយ ៧០នាក់ មកពីឥណ្ឌា បានធ្វើទស្សនកិច្ចក្នុងប្រទេសអាស៊ាន៕