(ចិន)៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមជាអធិបតីក្នុងពិធីបិទ សមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព-ឆ្នាំ២០២៣»។

នាឱកាសចូលរួមក្នុងពិធីបិទសមយុទ្ធនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានចូលជួបសម្ដែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ វ៉ាងស៊ីវពីន មេបញ្ជាការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនផងដែរ។

នៅក្នុងជំនួបនោះ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីគោលបំណងនៃដំណើរទស្សនកិច្ចដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីនិងជាប្រវត្តិសាស្ត្រដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តនិងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនៃបណ្ដាប្រទេសទាំងអស់ដែលបានចូលរួមក្នុងសមយុទ្ធពហុសាសន៍ឲ្យទទួលបានជោគជ័យ និងរួមចំណែកក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ជាកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វ៉ាង ស៊ីវពីន មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានថ្លែងអំណរគុណចំពោះកងយោធពលខេមរភូមិន្ទដែលបានបញ្ជូនកងកម្លាំងមកចូលរួមក្នុងសមយុទ្ធពហុសាសន៍ «សន្តិភាព-មិត្តភាព ២០២៣» ដែលនេះសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជាដល់កងទ័ពរំដោះប្រជាជនចិន និងជាពិសេសតំបន់ភូមិភាគខាងត្បូង។

នាយឧត្តមសេនីយ៍ វ៉ាង ស៊ីវពីន បានគូសបញ្ជាក់បន្ថែមថា កម្ពុជា និងចិននឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ៕