(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ បានផ្តល់ថវិកា ចំនួន៥ម៉ឺនដុល្លារ ដើម្បីសាងសង់កុដិ ក្នុងបរិវេណវត្តស្រះកណ្តាល ហៅវត្តខ្ចាស់ ស្ថិតនៅខេត្តបន្ទាយមានជ័យ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា ក្រោយពីទទួលបាន ព័ត៌មានពីព្រះចៅអធិការ វត្តប្រាសាទស្រះកណ្តាល ដែលមានសង្ឃដីកាថា «ក្នុងវត្តមាន ព្រះសង្ឃមកគង់ មកបួស មកសិក្សារមួយថ្ងៃទៅមួយថ្ងៃ ចេះកើនឡើង រហូតមានក្មេងអនាថា ក្មេងវត្ត ក្មេងគ្មានទីពឹង ច្រើននាក់ឡើង មកជ្រកកោន ដូច្នេះហើយ លោកក៏រាយការណ៍ជូនអភិបាលខេត្ត បន្ទាយមានជ័យ លោក សួន បវរ ជាពិសេសនោះ គឺលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយថ្នាក់ជាតិ ដើម្បីដោះស្រាយជូនវត្ត ខាងលើនេះ»។
លោកបានបន្ថែម ក្នុងនាមរូបលោក ជាអ្នកត្រួតពិនិត្យ តែងតែចុះពិនិត្យជារាល់សប្តាហ៍ មិនធ្វេសប្រហេស និងការសាងសង់កុដិឲ្យមាន ប្រសិទ្ធភាពល្អ។ លោកថា ព្រះសង្ឃជាង២០០អង្គ គង់ក្នុងវត្តមានសង្ឃដីកា ថ្លែងអំណរអគុណដល់ ថ្នាក់ដឹកនាំខេត្តជាពិសេសនោះ លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន យ៉ាងក្រៃលែង ។
សូមបញ្ជាក់ថា កុដិខាងលើនេះ មានទំហំ បណ្តោយ៤០ម៉ែត្រ ទទឹង១០ម៉ែត្រ មានបន្ទប់១០ បន្ទប់ជញ្ជាំងឥដ្ឋប្រក់ក្បឿង។ នាឱកាស នោះដែលលោកក៏បាន យកគ្រឿង អាហារបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់ក្រុមជាងសំណង ខាងលើនេះផងដែរ៕