(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាសមាជិកាបណ្តាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចុះជួយច្រូតកាត់ប្រមូលផលស្រូវប្រជាពលរដ្ឋ ដែលខ្វះកម្លាំងពលកម្ម និងចែកអំណោយ ជូនដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រ ចំនួន៣០នាក់ នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកស្រី អាំង សុជាតា និងលោកស្រី ឯម ប៉ុណ្ណា មានប្រសាសន៍ស្រដៀងៗគ្នាថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក សាខាសមាគមនារី តែងតែដឹកនាំប្រតិភូ ជាសមាជិកាសាខា អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់ខេត្ត ថ្នាក់ស្រុក និងភរិយារបស់ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព អាជីវកចុះជួយច្រូតកាត់ប្រមូលផលស្រូវរដូវវស្សា ជូនដល់ប្រជាកសិករដែលខ្វះកម្លាំងពលកម្ម នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ។ នេះគឺជាសកម្មភាពមួយ បន្ទាប់ពីសកម្មភាពជាច្រើន ដែលសមាគមនារីខេត្ត ស្រុក តែងតែចុះជួយជាប្រចាំដូចភ្លៀងរលឹម ជួយដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ជនពិការ ចាស់ជរាគ្មានទីពឹង និងស្ត្រីម៉េមាយ ដោយមិនប្រកាន់អំពីនិន្នាការ នយោបាយអ្វីឡើយ។

លោកស្រីក៏បានសម្តែងការកោតសរសើរ ដល់បងប្អូននារីនៅក្នុងមូលដ្ឋាន ដែលជានិច្ចកាលបានខិតខំប្រឹងប្រែង ក្នុងវិស័យកសិកម្ម ធានាបានសន្តិសុខស្បៀងគ្រប់គ្រាន់ និងលក់ចេញថែមទៀត។ ថ្នាក់ដឹកនាំស្ត្រីទាំង២ បានមានប្រសាសន៍ផ្តំាផ្ញើដល់លោកតា លោកយាយ ទាំង៣០នាក់ ដោយថ្លែងថា លោកតាលោកយាយមានអាយុច្រើន ហេតុនេះត្រូវខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រក្សាការពារអំពីបញ្ហាសុខភាព ជាកត្តាសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា ពោលគឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងឧស្សាហ៍ព្យាយាមហាត់ប្រាណ និងធ្វើពលកម្ម ដើម្បីធ្វើយ៉ាងណាឲ្យសុខភាពកាន់តែល្អប្រសើរ។

លោកស្រីបានបញ្ជាក់ថា នាសម័យបច្ចុប្បន្ននេះវិស័យកសិកម្មមានការរីកចម្រើន ប្រជាកសិករស្ទើតែទាំងអស់ បានប្រើប្រាស់គ្រឿងយន្ត ទាំងការភ្ជួរាស់ សាប ព្រោះ រហូតការប្រមូលផល មិនដូចកាលពីសម័យមុនៗឡើយ។ តែទោះជាយ៉ាងនេះក៏ដោយ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានដឹកនាំក្រុមការងារចុះជួយច្រូតកាត់ប្រមូលផលស្រូវ នាឱកាសនេះ ក្នុងគោលបំណងថែរក្សានូវទំនៀមទំលាប់ ប្រពៃណីខ្មែរ និងចូលរួមផ្សព្វផ្សាយទៅដល់ក្មួយៗជំនាន់ក្រោយ បានដឹង បានយល់ ថែរក្សា និងអភិរក្ស។

នៅក្នុងខណនោះ ប្រតិភូក៏បានរៀបចំជាអំណោយ ចែកជូនដល់ចាស់ជរាគ្មានទីពឹង និងគ្រួសារក្រីក្រ ចំនួន៣០នាក់ នៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ដោយម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ ក្នុងនោះមានសារុង២ ភួយ១ ក្រមារ ១កន្ទេល១ មុង១ ខ្នើយ១ និងថវិកា២ម៉ឺនរៀល ព្រមទាំងបានការរៀបចំអាហារសាមគ្គីជួបជុំគ្នា ជាការរៀបចំដោយលោកស្រី ឃៀក ប៊ុនធី ម៉ៅវ៉ាន ផងដែរ។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឲ្យដឹងថា ស្ថានភាពការងារបង្កបង្កើនផល ក្នុងឆ្នាំ២០២៣អនុវត្តបានជាង១៤៥ពាន់ហិកតា ស្មើនឹង១២៦% នៃផែនការ។ បើគិតមកដល់ពេលនេះ ការប្រមូលផលស្រូវរដូវវស្សា សម្រេចច្រូតកាត់បានជាង១០៤ពាន់ហិកតា ស្មើនឹង៧៣% ទទួលទិន្នផលជាមធ្យមជាង៤តោន ក្នុងមួយហិកតា និងតម្លៃស្រូវចាប់ពី១២២០រៀល ទៅដល់១៣០០រៀល ក្នុងមួយគីឡូក្រាម៕