(ភ្នំពេញ)៖ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានរៀបចំមហោស្រពវប្បធម៌កូរ៉េ «ណាឌ្រី» ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកូរ៉េ និងកម្ពុជា។ ពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅចុងសប្តាហ៍រយៈពេលពីរថ្ងៃកាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ដល់ថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
មហោស្រពលើកនេះ ត្រូវបានសហការរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) និងឧបត្ថម្ភដោយមជ្ឈមណ្ឌលអប់រំកូរ៉េ ទីក្រុងហូជីមិញ អង្គភាពទេសចរណ៍កូរ៉េ សាខាទីក្រុងហាន់ណូយ និងមូលនិធិកូរ៉េសម្រាប់ការផ្លាស់ប្តូរអន្តរជាតិ (KF)។
នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ក្នុងពិធីបើកមហោស្រពវប្បធម៌កូរ៉េ «ណាឌ្រី» មានការអញ្ជើញចូលរួមពីលោក PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លោក ឃួន ថាវុធ នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉ (CKCC) លោកស្រី Choi Moon Jung នាយិការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណរដ្ឋកូរ៉េ (KOICA) ប្រចាំកម្ពុជា លោក Kil Hojin នាយកមជ្ឈមណ្ឌលអប់រំកូរ៉េ ប្រចាំទីក្រុងហូជីមិញ។
ឯកអគ្គរដ្ឋទូត PARK Jung-Wook បានថ្លែងថា «ខ្ញុំសង្ឃឹមថា ភ្ញៀវទាំងអស់ដែលបានចូលរួមនៅក្នុងពិធីនេះ នឹងរីករាយប្រកបដោយផាសុកភាព ដែលប្រៀបដូចជាអ្នកបានដើរចេញទៅក្រៅនៅថ្ងៃរដូវស្លឹកឈើជ្រុះដ៏ត្រជាក់ ហើយខ្ញុំនឹងបន្តខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកូរ៉េ និងកម្ពុជា»។
នៅក្នុងពិធីបើកនោះ មានការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយស្ដីពីពិព័រណ៍ពិភពលោកនៅទីក្រុងប៊ូសាន ឆ្នាំ២០៣០ និងទេសចរណ៍របស់ប្រទេសកូរ៉េ ការសម្តែងតេក្វាន់ដូ ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីកូរ៉េ Hanbok និងការសម្តែង K-pop ជាបន្តបន្ទាប់។
ក្នុងកម្មវិធី «ណាឌ្រី» មានស្តង់ពិសោធន៍ផ្សេងៗដូចជា ការស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ (Hanbok) ការបញ្ចាំងភាពយន្តកូរ៉េ ការប្រគុំតន្ត្រី K-pop ល្បែងប្រពៃណីបោះគ្រាប់ព្រួញចូលបំពង់ (Tuho) ធ្វើ Dalgona ភ្លក្សរសជាតិអាហារតាមបែបចិញ្ចើមថ្នល់របស់កូរ៉េ ការក្រងអំបោះជាបន្តោងប្រពៃណីកូរ៉េ ការផាត់ពណ៌លើផ្លិត ថ្នាក់រៀនធ្វើម្ហូបកូរ៉េ គីមឈី និងគីមឈី pancake ថ្នាក់រៀនផាត់មុខ រួមទាំងថ្នាក់សរសេរអក្សរផ្ចង់ Hangeul ត្រូវបានដំណើរការដើម្បីផ្តល់ជូនភ្ញៀវកម្ពុជានូវឱកាសទទួលបានបទពិសោធន៍ពីវប្បធម៌ប្រពៃណីដ៏សម្បូរបែប និងទំនើបរបស់ប្រទេសកូរ៉េ។
ភ្ញៀវដែលបានចូលរួមក្នុងកម្មវិធីនេះបានភ្លក្សរសជាតិអាហារកូរ៉េជាច្រើនមុខដូចជា Tteokbokki, Sundae, Gimbap, So-tteok so-tteok និងនំបំពងដោយកម្ដៅធ្វើពីអង្ករ ខណៈពេលដែលស្លៀក Hanbok ចម្រុះពណ៌យ៉ាងស្រស់ស្អាត ក៏បានថតរូបភស្តុតាងជាមួយនឹង Gwanghwamun, កំពូលភ្នំទាំងប្រាំ ចង្កៀងគោមប្រពៃណីកូរ៉េនៅផ្ទៃខាងក្រោយ។ លើសពីនេះ ភ្ញៀវទទួលបានបទពិសោធន៍វប្បធម៌កូរ៉េជាច្រើននៅស្តង់ពិសោធន៍ដូចជា ការលេងល្បែងប្រពៃណីបោះគ្រាប់ព្រួញចូលបំពង់ (Tuho) ក្រងអំបោះជាបន្តោងប្រពៃណីកូរ៉េ ថ្នាក់សរសេរអក្សរផ្ចង់ Hangeul និងថ្នាក់បង្រៀនធ្វើម្ហូបកូរ៉េ Kimchi និង Kimchi pancake។
Hana ជានិស្សិតមហាវិទ្យាល័យផ្នែកព័ត៌មានវិទ្យា(IT) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាមជាអ្នកគាំទ្រ BTS និង Blackpink បាននិយាយថា គាត់ពិតជារីករាយក្នុងការសាកល្បងស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េ Hanbok មើលការសម្តែងរបស់ K-pop និងទទួលយកនូវបទពិសោធន៍វប្បធម៌កូរ៉េផ្សេងៗនៅពេលចូលរួមក្នុងកម្មវិធី «ណាឌ្រី» នេះ។
Phon Saotin ជាអ្នកចម្អិនគីមឈី Pancake ក្នុងថ្នាក់បង្រៀនធ្វើម្ហូបកូរ៉េ បាននិយាយថា គាត់បានចូលរួមកម្មវិធី «ណាឌ្រី» ជារៀងរាល់ឆ្នាំ ហើយគាត់ចូលចិត្តម្ហូបកូរ៉េ ព្រោះវាមើលទៅគួរឱ្យទាក់ទាញ មានរសជាតិឆ្ងាញ់ ហើយមានទាំងជីវជាតិទៀតផងគាត់សង្ឃឹមថា ព្រឹត្តិការណ៍ដែលទាក់ទងនឹងអាហារកូរ៉េ នឹងប្រព្រឹត្តទៅកាន់តែញឹកញាប់នាពេលអនាគត។
ក្រៅពីការលេងកម្សាន្ត នៅមានអ្វីជាច្រើនទៀតត្រូវបានទស្សនាក្នុងកម្មវិធីនេះ។ ក្នុងពិធីបើកកម្មវិធីនោះ បន្ថែមពីលើការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីកូរ៉េ(Hanbok) ការសម្តែងតេក្វាន់ដូ និងការសម្តែង K-pop វីដេអូប្រគុំតន្ត្រី K-pop Super Live ដែលមាន Holy Bang, New Genes ជាដើម ត្រូវបានចាក់បញ្ចាំងអំឡុងពេលពីរថ្ងៃនៃកម្មវិធីនេះ ហើយការប្រគុំតន្ត្រីខ្នាតតូចរបស់ K-pop ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ក្រុម 4ever, Reonce និង Sunday Taekwondo Team ដែលជាម្ចាស់ជ័យលាភីនៃកម្មវិធី K-Pop World Festival Cambodia បានបង្ហាញពីការសម្តែងដ៏អស្ចារ្យនៅលើឆាក។ លើសពីនេះ ក្រុមរាំ Cover និងតារាចម្រៀងដែលស្រឡាញ់តន្ត្រីកូរ៉េ ក៏បានចូលរួម និងបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេចំពោះ K-pop យ៉ាងពុះកញ្ជ្រោលផងដែរ។
លើសពីនេះ ដោយមានការគាំទ្រពីមូលនិធិកូរ៉េ (KF) ភាពយន្តកូរ៉េសរុបចំនួនបីរឿងត្រូវបានចាក់បញ្ចាំង៖