(កោះកុង)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ទៅមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវមានវិធានក្តៅការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាភូមិឃុំមានសុវត្ថិភាពក្នុងមូលដ្ឋាន។

ការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើងក្នុងពិធីកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តន៍ការងារប្រយុទ្ធប្រឆាំងខេត្តកោះកុង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សំ ឃិតវៀន អភិបាលរងខេត្ត ព្រះរាអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អធិការគ្រប់បណ្តាស្រុក មន្ត្រីរាជការគ្រប់ស្ថាបន្ន រួមទាំងសិស្សានុសិស្សផងដែរ។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា «សមត្ថកិច្ចគ្រប់បណ្តាស្រុក និងតាមមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងរួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងល្បែងស៊ីសងផ្សេងៗ កុំឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីភូមិឃុំមានសុវត្ថិភាព»

លោកឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ ជាបញ្ហាប្រឈមមួយដ៏ធ្ងន់ធ្ងរចំពោះយុវជនក្នុងវ័យសិក្សា វាបណ្តាលឲ្យបាត់បងអនាគតទៅថ្ងៃមុខ ហើយធ្វើឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាមានការភ័យខ្លាច ជាពិសេសបាត់បង់នៅថេរភាពភូមិឃុំមានសុវត្តិភាពជូនប្រជាពលរដ្ឋទៀតផង។

លោកបន្តថា សមត្ថកិច្ចត្រូវសហការជាមួយប្រជាពលរដ្ឋស្អិតរមួត និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ចៀសវាងជនខិលខូចនាំចូលចែកក្នុងមូលដ្ឋានរបស់ខ្លួន៕