(ភ្នំពេញ)៖ លោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) បានកោតសរសើរចំពោះនយោបាយបង្រួបបង្រួមរបស់សម្តេចតេជោ ហ៊ុន សែន រហូតឈានទៅបិទបញ្ចប់ភ្លើងសង្គ្រាម និងការបែកបាក់នៅក្នុងប្រទេសកម្ពុជា។ ប្រធានសហព័ន្ធសន្តិភាពសកល បានលើកឡើងថា នយោបាយបញ្ចប់សង្គ្រាមរបស់សម្តេចតេជោ ជាវីរភាពមួយគួរត្រូវបានអនុវត្តនៅតាមប្រទេសកំពុងមានជម្លោះ និងការបាក់បែក។
នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Charles Yang និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
ក្នុងជំនួបនោះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានប្រគល់លិខិតអបអរសាទររបស់លោកស្រីបណ្ឌិត Hak Ja Han Moon ស្ថាបនិកអង្គការ UPF ជូន សម្តេចធិបតី ចំពោះការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។
លោកបណ្ឌិត Charles Yang ក៏បានកោតសរសើរចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នៅកម្ពុជា ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងាររបស់អង្គការ UPF ដែលបានបំពេញកន្លងមក ពាក់ព័ន្ធនឹងការសម្របសម្រួល និងរក្សាសន្តិភាពសកល និងបានស្នើសុំការគាំទ្រពីសំណាក់សម្តេចធិបតី ចំពោះ «ធម្មនុញ្ញសន្តិភាពសកល» របស់អង្គការ UPF ផងដែរ។
ក្នុងជំនួបខាងលើនេះ លោកបណ្ឌិត ក៏បានសម្តែងការកោតសរសើរប្រកបដោយក្តីស្ញប់ស្ញែង ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសកម្ពុជា។ លោកបានចាត់ទុកការបញ្ចប់សង្គ្រាមនេះ ជាគំរូវីរភាពមួយ គួរតែត្រូវបានអនុវត្ត តាមបណ្តាប្រទេសដែលកំពុងជួបបញ្ហាប្រឈមនៃជម្លោះ និងការបែកបាក់។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងស្វាគមន៍ចំពោះលោកបណ្ឌិត Charles Yang និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាជាថ្មីម្តងទៀត ដោយនេះ គឺជាឱកាសក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UPF។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណអង្គការ UPF ដែលបានបញ្ជូនគណៈប្រតិភូចំនួន១១៥នាក់ មកពី ៣០ប្រទេស មកចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ក៏ដូចជាបានផ្ញើលិខិតអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេចធិបតី ក៏បានអរគុណចំពោះសារអបអរសាទរការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតីផងដែរ។
ក្នុងជំនួបនេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការ UPF ដែលអាចចាត់ទុកថាជាស្ពាននៅក្នុងការសម្របសម្រួលបញ្ហាជម្លោះរវាងរដ្ឋ និងរដ្ឋ ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងបានបញ្ជាក់អំពីការចូលរួមចំណែកគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ «ធម្មនុញ្ញសន្តិភាពសកល» របស់អង្គការ UPF ផងដែរ ខណៈកម្ពុជា និងអង្គការ UPF មានគោលដៅរួមតែមួយ គឺការកសាងនូវសន្តិភាព សាមគ្គីភាព និងការរីកចម្រើនរួមរបស់សង្គម ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ UPF ដែលបានជួយឧបត្ថម្ភសម្ភារបរិក្ខារពេទ្យដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបានបង្ហាញក្តីសង្ឃឹមថា អង្គការ UPF នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកនូវសកម្មភាពកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា៕