(បន្ទាយមានជ័យ)៖ លោក យឹម ប៊ុនរ៉ុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ថា ក្រោយពីស្រែរបស់ប្រជាពពលរដ្ឋរងគ្រោះ គ្មានទឹកហូរចូលតាមប្រឡាយស្រែនោះ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានកាប់កាយទំនប់ចំនួន៦កន្លែង មានប្រឡាយ កំព្រីង ឃុំភ្នៀត ស្ថិតនៅក្រុងសិរីសោភ័ណ ហើយប្រជាពលរដ្ឋបានទទួលទឹកហូរ ពីស្ទឹងចូលប្រឡាយ ប្រវែង៣៥០០ម៉ែត្រ មកវិញហើយ។
លោកបានបន្តថា ប្រតិបត្តិការទាំងថ្ងៃ ទាំងយប់ ដែលធ្វើនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ បានសហការជាមួយនឹងក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជួយដល់ ប្រជាកសិករ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងចុះពិនិត្យមើលដើម្បីរកវិធីជួយបូមទឹកសង្គ្រោះ ទៅលើដំណាំស្រូវវស្សានៅតំបន់ខ្លះក្នុង ខេត្តបន្ទាយមានជ័យ ដែលកំពុងប្រឈម នឹងបញ្ហាខ្វះខាតទឹកនោះ។
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បន្ថែមថា ដើមខែសីហា ឆ្នាំ២០១៦នេះ មន្ទីរបានយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿង ទៅបូមទឹកជួយសង្គ្រោះ ដំណាំស្រូវ រាប់រយហិតា នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណដែលកំពុងតែប្រឈមនឹងខូចខាតទឹក។
ឆ្នាំនេះ ប្រជាកសិករ នៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានដាំដុះ ដំណាំស្រូវឡើងទឹករបស់ប្រជាកសិករធ្វើបានលើផ្ទៃដីសរុប១៥០០ហិតា ហើយ កំពុងប្រឈមការខូច ខាតប្រហែល៨០០ហិចតា ដោយទទួលនូវ ទឹកភ្លៀងតិចតួច ក្នុងរយៈពេលជាង ១ខែចុងក្រោយនេះ។ ដំណាំស្រូវ ដែលជួយសង្រ្គោះ នៅស្រុកមង្គលបុរី និងស្រុកភ្នំស្រុក សរុបបានប្រហែល៦០០ហិចតាហើយ។
បញ្ហារាំងស្ងួត ដែលបង្កផលប៉ះពាល់ដល់ ដំណាំស្រូវ ខាងមន្ទីរ តែងតែយកចិត្តទុកដាក់ជួយបូមទឹកសង្គ្រោះ ស្រូវរបស់ប្រជាកសិករ យើងបានមួយចំនួនធំ នៅក្នុងស្រុកមង្គលបុរី និងស្រុកភ្នំស្រុក ចំពោះទីតាំងស្រែ ដែលនៅក្បែរប្រភពទឹក។
សូមបញ្ជាក់ថា ស្រុកដែលប្រឈមខ្វះទឹករងផលប៉ះពាល់ដល់ដំណាំស្រូវរួមមាន ស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕