(ភ្នំពេញ)៖ ដោយទទួលបានជំនួយពីរដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នោះ រាជរដ្ឋាភិបាលកម្ពុជា នឹងសាងសង់ប្រព័ន្ធធារាសាស្ត្រមួយនៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀង។ ប្រព័ន្ធធារាសាស្ត្រនេះ មានគោលបំណងកាត់បន្ថយទឹកជំនន់ និងគ្រោះរាំងស្ងួត ផ្គត់ផ្គង់ប្រព័ន្ធធារាសាស្រ្ត ការផ្គត់ផ្គង់ទឹកក្នុងគ្រួសារ ឧស្សាហកម្ម និងបង្កើនផលិតភាព និងប្រសិទ្ធភាពកសិកម្ម។
គម្រោងសិក្សាលើការសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ បានសិក្សាបញ្ចប់សព្វគ្រប់ហើយ។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ KOICA និងក្រសួងធនធានទឹក និងឧតុនិយម បានរៀបចំសិក្ខាសាលាបង្ហាញការសិក្សាលើគម្រោងខាងលើនេះ។ សិក្ខាសាលាធ្វើឡើងក្រោមអធិបតីភាពលោកស្រី Moonjung CHOI នាយកប្រចាំប្រទេសនៃការិយាល័យកយកានៅកម្ពុជា, លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Minnie Chay នាយកប្រចាំប្រទេសនៃធនាគារ K-Exim។
សិក្ខាសាលានេះ ក៏មានការចូលរួមពីតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីធនធានទឹក និងឧតុនិយម ខេត្តស្វាយរៀង និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ និងចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យលើការគ្រប់គ្រងទឹកកសិកម្ម។
របាយការណ៍សិក្សាលទ្ធភាពនឹងបម្រើជាមគ្គុទ្ទេសក៍សម្រាប់ទិសដៅនៃគម្រោងផ្សេងៗនាពេលអនាគត និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះលទ្ធភាពជោគជ័យ និងហានិភ័យ និងបញ្ហាប្រឈមដែលអាចកើតមានទាក់ទងនឹងការអនុវត្តគម្រោងនានាក្នុងវិស័យទឹកកសិកម្មក្នុងតំបន់ព្រែកនាល នៃខេត្តស្វាយរៀង៕