Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសអ៊ុយក្រែនប្រកាសថា នឹងប្រើប្រាស់ច្បាប់អាជ្ញាសឹក ខណៈកងទ័ព​និងសព្វាវុធ​ក៏បានត្រៀម​រួចរាល់ហើយដែរ

19-08-2016 10:41

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បាននិយាយថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បី ប្រកាសដាក់ឲ្យអនុវត្តន៍ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេសនេះ ប្រសិនបើវិបត្តិដុតរោល នៅតំបន់ភាគខាងកើត និង តំបន់ក្បែរខ្សែបន្ទាត់បែងចែកឧបទ្វីប គ្រីមា កាន់តែអាក្រក់ជាងនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦។

លោក Petro បានប្រាប់ក្រុមអ្នកយកព័ត៌មាននានា ពេលទៅបំពេញទស្សនកិច្ចនៅ តំបន់ Lviv ភាគខាងលិចប្រទេស ថា «យើងមិនទាន់អាច សន្មត់ថានឹងត្រូវដាក់ច្បាប់អាជ្ញាសឹកនៅពេលណា ឲ្យប្រាកដនោះទេ ប៉ុន្តែប្រសិនស្ថានការណ៍ នៅភាគខាងកើត និងតំបន់គ្រីមា ប្រែប្រួលកាន់តែយ៉ាប់យ៉ឺននោះ យើងនឹងដាក់វាចេញតែម្តង។ ភាពតានតឹងនៃ តំបន់ទាំងនោះ នឹងបន្តកើនឡើងទៀត ដោយសារតែកាលពីពេលថ្មីៗនេះកងកម្លាំងរបស់យើងមួយចំនួន បានទទួលរងការវាយឆ្មក់រួចទៅហើយ»

ក្រៅពីការប្រកាសថា នឹងប្រើប្រាស់ច្បាប់អាជ្ញាសឹកនោះ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានបន្ថែមទៀតថា កងទ័ព និងសព្វាវុធទាំងឡាយនៅពេលនេះ គឺស្ថិតនៅក្នុងការប្រុងជើងការទុកជានិច្ច ដើម្បីឆ្លើយតបនឹងស្ថានការណ៍បន្ទាន់ ណាមួយប្រកបដោយប្រសិទ្ធភាព។

គួររំលឹកថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន បានកក្រើកឡើងវិញខ្លាំង កាលពីដើមខែសីហា បន្ទាប់ពីរុស្ស៊ីបានចោទអ៊ុយក្រែនថា បានប្រើប្រាស់កងកម្លាំងសម្ងាត់លួចចូល មកវាយប្រហារបែប ភេរវកម្មមកលើកងកម្លាំងរុស្ស៊ី នៅតំបន់គ្រីមា ហើយបន្ទាប់មកក៏មានការតម្លើង សាច់ដុំរវាងប្រទេសទាំងពីរតែម្តង៕