(មណ្ឌលគិរី, រតនគិរី)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារមណ្ឌលគីរី ខេត្តមណ្ឌលគិរី បានបន្តបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់» ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី ចំនួន ៧១នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ និងជាតំណាង លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី នាយកវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកអភិបាលរងខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ ។

លោកអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាសេនាធិការលើមុខងារបណ្តុះបណ្ដាល និង វិក្រឹតការ តែងបានយកចិត្តទុកដាក់ខ្ពស់លើការកសាង និង ការអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅចូលរួមចំណែកដល់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យ ។

លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គដ៏សំខាន់នៅរដ្ឋបាលឃុំសង្កាត់ ដោយហេតុថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ ។

ក្នុងន័យនេះ, កម្មវិធីបណ្ដុះបណ្ដាលដែលត្រូវបានសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធ នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ ក្នុងការកសាង និង ការអភិវឌ្ឍសមត្ថភាពជូនមន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗ ដូចជា នីតិវិធីនៃការរៀបចំ និង អនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និង កិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និង កិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលជាមុខងារភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ សំដៅលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ ជាពិសេស ឆ្លើយតបនឹងតម្រូវការរដ្ឋបាលឃុំសង្កាត់ សម្រាប់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

លោកអនុរដ្ឋលេខាធិការ បន្ថែមថាវគ្គបណ្ដុះបណ្ដាលនេះ មិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និង ការអនុវត្ត ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យសម្រេចគោលដៅដែលបានកំណត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង មូលធនមនុស្ស ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកជាអាទិភាពខ្ពស់បំផុតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលបានប្រកាសដាក់ឱ្យអនុវត្ត កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅនេះ ៕