(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការចុះផ្សាយតាមបណ្តាញសង្គមថា បទល្មើសនេសាទកើតឡើងពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរ តែពុំមានជំនាញមានសមត្ថកិច្ចណាម្នាក់ ហ៊ានចេញមុខបង្ក្រាបនោះទេ។
សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថា «បទល្មើសនេសាទ កើតឡើងពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរ ពុំមានជំនាញមានសមត្ថកិច្ចណាម្នាក់ហ៊ានចេញមុខបង្ក្រាបនោះទេ បែរជាញញឹមរីកដូចគ្រាប់ជី និងភ្ជាប់ជាមួយរូបថត របស់ថ្នាក់ដឹកនាំទៀតផង»។
ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានឆ្លើយតបថា៖
*ទី១៖ ការផ្សព្វផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sim chhuonly news ជាការផ្សព្វផ្សាយព័ត៌មានដែល គ្មានមនសិការវិជ្ជាជីវៈ និងបំពុលបរិយាកាសសង្គម ជាព័ត៌មានប្រឌិតឡើងគ្មានការពិតប្រាកដទាំងអស់
*ទី២៖ ក្រោមការដឹកនាំរបស់អភិបាលខេត្ត ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចាត់តាំងកម្លាំងចម្រុះ ពិសេសកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត សហការជាមួយកម្លាំងថ្នាក់ជាតិ ធ្វើការលើផ្ទៃបឹងទន្លេសាបជាប្រចាំ សំដៅធានាមិនឲ្យបទល្មើសគ្រប់ប្រភេទកើតឡើងឡើយ
*ទី៣៖ រដ្ឋបាលខេត្តតែងតែស្វាគមន៍ និងលើកទឹកចិត្តចំពោះព័ត៌មានទាំងឡាយណា ដែលជាព័ត៌មានពិតប្រាកដ ព្រមទាំងជូនរង្វាន់ដល់អ្នកដែលបានផ្តល់ព័ត៌មាន អំពីបទល្មើសដែលកើតមានពិតប្រាកដក្នុងមូលដ្ឋានទៀតផង។
ផ្អែកលើមូលដ្ឋានខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមបដិសេធចំពោះការចោទប្រកាន់មួលបង្កាច់ ខុសពីការពិតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំដែលតែងតែបំពេញតួនាទីភារកិច្ច ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ៕