(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណប្រជាជនកម្ពុជា បានគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឱ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិតរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានគាំទ្រឱ្យមានទិវាអ្នកនិពន្ធផងដែរ ដើម្បីលើកកម្ពស់ស្នាដៃតែងនិពន្ធ។
ជំនួបសំដែងការគួរសមធ្វើឡើងនៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នេះ លោក ជ័យ ចាប បានសំដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ បានចូលជួបសំដែងការគួរសម បើទោះបីជារូបសម្តេចមានការងារមមាញឹកជាច្រើនយ៉ាងណាក្តី។
លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជំរាបសម្តេចតេជោ ពីសកម្មភាពការងារនាពេលកន្លងទៅរបស់សមាគមអ្នកនិពន្ធខ្មែរ លើការប្រមូលផ្តុំអ្នកស្រាវជ្រាវ ការចងក្រងតែងនិពន្ធ លើការដែលរាជរដ្ឋាភិបាលសម្រេចបាន។
លោកប្រធាន ក៏បានជម្រាបសម្តេចតេជោ ពីការរៀបចំប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំរបស់សមាគមក្រោមប្រធានបទ «ពានរង្វាន់៧មករាសន្តិភាព» ដែលគ្រោងធ្វើនៅពេលខាងមុខ។ លោកប្រធានក៏បានជម្រាបសម្តេចតេជោ ពីគោលបំណងនៃការរៀបចំឱ្យមានការជួបជុំនៃអ្នកនិពន្ធរបស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគត លើស្នាដៃតែងនិពន្ធ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការគាំទ្រពីគោលបំណង និងទិសដៅរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានសម្រេចស្នាដៃមួយចំនួននាពេលកន្លងមក។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់អ្នកនិពន្ធខ្មែរ ប៉ុន្តែសម្តេចស្នើឱ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យស្នាដៃរបស់អ្នកនិពន្ធកាន់តែទទួលបាននូវភាពល្បីល្បាញ់ និងមានកេរ្តិ៍ឈ្មោះ។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យមើលលើតែងនិពន្ធរឿងអប់រំខ្លីៗ បានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ឬក្នុងតិកតុក ដែលមានផ្នែកខ្លះខុសពីសច្ចៈភាពរបស់សង្គម ខុសការពិតធ្វើឱ្យប៉ះពាល់ដល់សង្គម។
សម្តេចតេជោមានប្រសាសន៍បន្តថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឱ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឱ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ។ ក្នុងជំនួបគ្នានោះ សម្តេចតេជោបានគាំទ្រឱ្យមានការប្រឡងតែងនិពន្ធពានរង្វាន់ «៧មករា សន្តិភាព» និងគាំទ្រ ឱ្យមានការជួបជុំផ្នែកនិពន្ធបណ្តាប្រទេសទន្លេមេគង្គ និងគាំទ្រឱ្យមានទិវានៃអ្នកនិពន្ធនាពេលខាងមុខ៕