(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ហ័ន មីហ្គែល ប្រធានព្រឹទ្ធសភា និងលោក ហ្វឺឌីណាន់ ម៉ារទីន រ៉ូម៉ូលដេស ប្រធានរដ្ឋសភានៃសាធារណរដ្ឋហ្វីលីពីន, លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ (APPF-31) ក្រោមមូលបទ៖ «ភាពជាដៃគូ មានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព» ដែលរដ្ឋសភាហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ នាទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប នឹងចូលរួមថ្លែងបទអន្តរាគមន៍នៅកិច្ចប្រជុំជាផ្លូវការលើប្រធានបទ៖ ការប្រយុទ្ធប្រឆាំងទៅនឹងបទឧក្រិដ្ឋឆ្លងដែន នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនេះ គណៈប្រតិភូសភាកម្ពុជាគ្រោងទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយប្រធានគណៈប្រតិភូសភាឡាវ វៀតណាម ថៃ និង ប្រធានសភាហ្វីលីពីន ដែលជាម្ចាស់ផ្ទះ ព្រមទាំងគ្រោងជួបជាមួយអគ្គនាយកវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ(IRRI)។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំជាច្រើនរបស់ APPF ស្របតាមកម្មវិធីដែលបានរៀបចំ។

សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១(APPF-31) មានគណៈកម្មាធិការចំនួន៤គឺ៖ ១៖ កិច្ចប្រជុំសមាជិកសភាជាស្ត្រី ២៖ គណៈកម្មាធិការស្តីពីនយោបាយ និងសន្តិសុខ ៣៖ គណៈកម្មាធិការស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៤៖ គណៈកម្មាធិការកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចពិភាក្សាតុមូលសម្រាប់សមាជិកសភាវ័យក្មេង។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះពេញជាភាសាអង់គ្លេស The Asia-Pacific Parliamentary Forum ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភា ក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោកដោយ ចីរភាព។ សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៧ កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន ២៨ប្រទេស៕