(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបើកសិក្ខាសាលាស្តីពី តួនាទីកសិកម្ម និងព្រៃឈើទៅលើសុខមាលភាពប្រជាពលរដ្ឋ និងសុខភាព បរិស្ថានក្នុងតំបន់ទេសភាពភាគឦសាន្តនៃប្រទេសកម្ពុជា ដើម្បីចែករំលែកព័ត៌មានអំពីគម្រោងជាមួយភាគីពាក់ព័ន្ធ។

ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ លោក​ស្រី Dulce Carandang ACIAR Regional Manager លោក បណ្ឌិត សុខ គឹមឈិន ជាព្រឺទ្ធបុរស មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក បណ្ឌិត ញាណ សុភា តួនាទី​ ជាព្រឺទ្ធបុរសរង មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ រមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត និងសិស្សនិស្សិតជាច្រើន។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត សុខ គឹមឈិន បានជម្រាបជូនអង្គពិធីថា នៅតំបន់ទេសភាពនៃដែនជីវៈចម្រុះបានបង្កើតអាហារជាច្រើន និងសម្បូរទៅ ដោយមីក្រូសារធាតុ។ របបអាហារដែលមានធាតុចម្រុះច្រើន គឺជាអាហារដែលមានអាហាររូបត្ថមខ្ពស់ និងជារបបអាហារមួយដែលសមស្រប អ្នករស់នៅក្នុងតំបន់ដែលសំបូរទៅដោយព្រៃឈើប្រហែល ជាមានរបបអាហារដែលមានធាតុចម្រុះច្រើនជាងអ្នកដែលរស់នៅតំបន់ឆ្ងាយពីទីនោះ។ តាមរយៈការ សិក្សាពីមុនមក បានបង្ហាញអោយឃើញថា ម្ដាយនិងកូនដែលបានទទួលទានអាហារយកមកពីក្នុង ព្រៃ និងនៅតំបន់ដែលមិនមែនកសិកម្មមានប្រភេទអាហារសម្បូរបែបជាង ម្ដាយនិងកូនៗដែលពឹង ផ្អែកលើកសិកម្ម (Powell et al., 2011; Johnson et al., 2013) ។

លោកបណ្ឌិត សុខ គឹមឈិន បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ព្រៃឈើដែលសម្បូរទៅដោយជីវចម្រុះបានផ្គត់ផ្គង់អាហារដល់ប្រជាពលរដ្ឋដូចជា៖ ផ្លែឈើ គ្រាប់ពូជ ស្លឹក ផ្សិត ទឹកឃ្មុំ និងសត្វព្រៃជាដើម (FAO, 2013)។ ជាទូទៅបន្លែព្រៃភាគច្រើនត្រូវបានប្រើប្រាស់ ដោយមនុស្សដែលរស់នៅក្នុង និងក្បែរតំបន់នោះ ហើយបន្លែព្រៃទាំងនោះពិតជាមានសារៈសំខាន់ សម្រាប់របបអាហាររបស់ពួកគេផងដែរ។ នៅក្នុងប្រទេសកម្ពុជា អនុផលព្រៃឈើ បានជួយទ្រទ្រង់ ដល់អ្នករស់នៅក្នុងឬជុំវិញនោះ ជាពិសេសសម្រាប់ធ្វើជាអាហារ និងរកប្រាក់ចំណូល។ រុក្ខជាតិទាំង នោះដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេស ហើយភាគច្រើននៃពួកវាក៏ត្រូវបានបើ ប្រាស់ជាឱសថបុរាណផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ នៅកម្ពុជា ការប្រើប្រាស់ថ្នាំកម្ចាត់ សមាសភាពចង្រៃ ថ្នាំសម្លាប់ផ្សិត ថ្នាំសំលាប់សត្វល្អិត ជីគីមី និងថ្នាំអង់ទីប៊ីយោទិចក្នុងវិស័យកសិកម្ម មានការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ សំណល់ថ្នាំសម្លាប់សត្វល្អិត និងសារធាតុជីគីមី ទាំងនោះ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានផងដែរ។ ទាំងនេះធ្វើអោយប៉ះ ពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ (Plaza et al, 2019)។

សូមជម្រាបដែរថា គោលបំណងរបស់គម្រោង មានដូចខាងក្រោម៖

១៖ សិក្សាពីភាពសម្បូរបែបនៃចំណីអាហារដែលប្រមូលបានពីតំបន់ ព្រៃឈើ និងកសិកម្ម
២៖ សិក្សាពីការប្រើប្រាស់រុក្ខជាតិដែលជាឱសថបុរាណ និងសមាសភាគអាហា រូបត្ថម្ភ និងឱសថ
៣៖ សិក្សាពីសារធាតុគីមីនៅក្នុងបន្លែកសិកម្ម និង
៤៖ សិក្សាពីស្ថានភាពអាហារូប ត្ថម្ភរបស់កុមារ និង សិក្សាពីសេដ្ឋកិច្ចសង្គមរបស់សហគមន៍មូលដ្ឋាននៅភូមិគោលដៅ។

តាមលទ្ធផលនៃការ ស្រាវជ្រាវនេះ ពិតជាមានសារៈសំខាន់ក្នុងការចងក្រងឯកសារ និងរក្សាបាននូវចំណេះដឹងជា ប្រពៃណីពីការប្រើប្រាស់រុក្ខជាតិជាចំណីអាហារ និងថ្នាំបុរាណ ជាពិសេសរុក្ខជាតិដែលប្រមូលពីតំបន់ ព្រៃឈើ ដែលលទ្ធផលនៃការសិក្សានេះនឹងក្លាយជាឯកសារយោងផ្តល់ជាប្រយោជន៍ជួយដល់អ្នក សិក្សាស្រាវជ្រាវជំនាន់ក្រោយ ដើម្បីអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងជួយក្នុងការអភិរក្សប្រភេទរុក្ខ ជាតិទាំងអស់នោះផងដែរ។ លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវបានប្រើដើម្បីជូនជាដំណឹងដល់ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា៕