(ព្រះវិហារ)៖ លោក គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា លោកនឹងកែប្រែសោភ័ណភាពរមណីដ្ឋានទំនប់៩៥ ឱ្យកាន់តែមានភាពអាក់ទាញថែមទៀត ជាមួយនឹងការអភិវឌ្ឍពង្រីកផ្លូវខ្នងទំនប់ដោយក្រាលកៅស៊ូ ធ្វើផ្លូវក្រាលក្រួសក្រហមជុំវិញបឹង និងធ្វើវេទិការអុំទូកឱ្យបានស្អាត ដើម្បីឱ្យពិធីប្រណាំងទូកនៅឆ្នាំក្រោយ ឆ្នាំ២០២៤ កាន់តែមានភាពទាក់ទាញ និងអធិកអធមថែមទៀត។

ការថ្លែងបែបនេះរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោក និងលោក ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្តីទី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត អញ្ជើញចូលរួមក្នុងពិធីបិទការ ប្រណាំងទូកឆ្នាំ២០២៣ នៅរមណីដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិទំនប់សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ កាលពីព្រប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក គីម រិទ្ធី បានថ្លែងដោយក្តីសោមនស្សរីករាយក្រៃលែង ដែលពិធីប្រណាំងទូកនៅក្នុងឆ្នាំនេះ មានលក្ខណះល្អប្រសើរជាងឆ្នាំមុន ទាំងការរៀបចំតុបតែង ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ពិសេសទូកដែលចូលរួម ប្រណាំងក្នុងឆ្នាំនេះ ច្រើនជាងឆ្នាំមុន ហើយជ័យជំនះដែលទទួលបាននៅក្នុងថ្ងៃនេះ គឺយើងជាអ្នកចូលរួម បានឈ្នះទាំងអស់គ្នា។

ជាមួយនឹងភាពសប្បាយរីករាយក្នុងពិធី អ៊ុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ក្នុងឆ្នាំនេះ លោក គីម រិទ្ធី បានប្រកាសថានឹងអភិវឌ្ឍតំបន់រម្មណីយដ្ឋានទំនប់៩៥ ដោយធ្វើការពង្រីកផ្លូវខ្នងទំនប់ឱ្យមានសភាពធំជាងមុន ដោយក្រាលកៅស៊ូ រៀបជួសជុលផ្លូវក្រួសក្រហមជុំវិញបឹង និងរៀបចំវេទិកាអុំទូកឱ្យបានស្អាត ដើម្បីឱ្យពិធីប្រណាំងទូកនៅឆ្នាំ២០២៤ កាន់តែមានទាក់ទាញ និងអធិកអធមជាងឆ្នាំនេះ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានថ្លែងថានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ពិធិបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងតាំងពិព័រណ៏ផលិតផល រយៈពេល២ថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងបរទេស បានមកទស្សនាកម្សាន្តយ៉ាងច្រើនកុះករ រហូតចំនួន ២៥,៣០០នាក់ បើប្រៀបធៀប និងពិធីបុណ្យអុំទូកឆ្នាំមុន គឺកើនឡើងចំនួន១៦៦,៣២%៕