(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសឱ្យកាន់តំណែងលោកឧត្តមសេនីយ៍ឯក ដោក សុផា ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ ជំនួសនាយឧត្តមសេនីយ៍ ជា តារា ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងការពារជាតិ។

ពិធីនេះបានធ្វើឡើងនៅសកលវិទ្យាល័យការពារជាតិឬស្សីកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការនៃកងយោធពលខេរមភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានយ៉ាងច្រើនកុះករផងដែរ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះនាយឧត្តមសេនីយ៍ ជា តារា អតីតសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ នាពេលកន្លងមកនេះបានខិតខំប្រឹង្រែងអនុវត្តធនធានមនុស្សលើវិស័យការពារជាតិ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា ពាក់ព័ន្ធនឹងការងារការពារជាតិនេះ សូមឱ្យយោធាចារ្យ និងសាស្ត្រាចារ្យប្រមូលផ្ដុំគ្នា តាមឱ្យទាន់សភាពការនៃសកលលោក ព្រោះបច្ចុប្បន្ន មានទំនើបកម្មច្រើននៅលើពិភពលោក ដូចជាបច្ចេកវិទ្យាថ្មី យុទ្ធោបករណ៍ សព្វាវុធជាដើម គឺត្រូវតាមឱ្យទាន់ ដើម្បីធ្វើយ៉ាងណាបញ្ចេញជាមេរៀនថ្មីៗ ជូនទៅដល់សិក្ខាកាម ឱ្យបានជ្រាប និងតាមដានជាប្រចាំនូវព័ត៌មានទាំងអស់នោះ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានជំរុញឱ្យសាកលវិទ្យាធិការថ្មី នៃសកលវិទ្យាលការពារជាតិ ត្រូវពង្រឹងសាមគ្គីភាព ពង្រឹងការបណ្ដុះបណ្ដាលដល់សិក្ខាកាម ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមការពារសុខសន្តិភាព បូរណភាពទឹកដី ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ របស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានណែនាំដល់យោធាចារ្យ និងសាស្ត្រាចារ្យ បង្រៀននៅសកលវិទ្យាល័យការពារជាតិ ត្រូវស្រាវជ្រាវរកកម្មវិធីសិក្សាថ្មីបន្ថែមទៀត បង្រៀនទៅសិក្ខាកាម ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនទំនប់កម្ម នៃវិស័យកងទ័ពនៅលើពិភពលោក។

ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីការពារជាតិ ក៏បានលើកពីស្ថានភាពសន្តិសុខក្នុងតំបន់ និងពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងស្មុគស្មាញ នៃបញ្ហាសន្តិសុខមិនប្រពៃណី និងបញ្ហាសន្តិសុខប្រពៃណី ដែលបង្កើតជាផលប៉ះពាល់ជាបន្តបន្ទាប់ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសកល។

តួយ៉ាងបញ្ហាសន្តិសុខបង្កមកពីជំងឺកូវីដ១៩ អំពើភារវកម្ម បញ្ហាសន្តិសុខបច្ចេកវិទ្យា បម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គមកិច្ច កាន់តែខ្លាំងក្លា។ មួយវិញទៀតឥទ្ធិពលការផ្ទុះឡើង និងបន្តអូសបន្លាយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន សង្គ្រាមអ៉ីស្រាអែល និងហាម៉ាស់ ឥទ្ធពលភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា សុទ្ធសឹងតែធ្វើឱ្យប៉ះពាល់ដល់ការងើបឡើង នៃសេដ្ឋកិច្ច។

ក្នុងឱកាសទទួលតំណែងថ្មី ឧត្តមសេនីយ៍ឯក ដោក សុផា បានប្ដេជ្ញាចិត្តបន្តខិតខំពង្រឹងចំណេះដឹង ក្នុងវិស័យការពារជាតិឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាការប្ដេជ្ញាប្រឹងប្រែង អនុវត្តន៍គោលនយោបាយរាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបថា មុនការទទួលបានការតែងតាំងនេះ លោកឧត្តមសេនីយ៍ឯក ដោក សុផា មានតួនាទីជាសាកលវិទ្យាធិការរង និងជានាយកមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា នៃសាកលវិទ្យាល័យការពារជាតិ៕