(ស្វាយរៀង)៖ ក្នុងឱកាសពិធីប្រណាំងទូកនៅខេត្តស្វាយរៀង រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមទស្សនាកម្សាន្តមានជាង៥៥ម៉ឺននាក់។

លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងពិធីប្រណាំងទូក នៅខេត្តស្វាយរៀងនាឆ្នាំនេះ គឺភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្ត តាមគោលដៅសំខាន់ៗដែលរៀបចំ ដោយរដ្ឋបាលខេត្ត មានកន្លែងតាំងពិព័រណ៌ កន្លែងប្រគុំតន្ត្រីខ្នាតធំ ទិដ្ឋភាពតាមមាត់ទន្លេវ៉ៃគោពេលរាត្រី និងមានការបាញ់កាំជ្រួច ជាដើមនាំឱ្យទាក់ទាញដល់ប្រជាពលរដ្ឋក៏ជាភ្ញៀវទេសចរ មកចូលរួមទស្សនាកម្សាន្តជាង៥៥ ម៉ឺននាក់។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រណាំងទូកនាឆ្នាំនេះ មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្តស្វាយរៀងសរុបចំនួន ៦៧គ្រឿង រួមមាន៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ២២នាក់ មានចំនួន៥៧គ្រឿង និងប្រភេទទូកក្ដារ​បីសន្លឹក ចំណុះ៣នាក់ មានចំនួន១០គ្រឿង ដោយមានកីឡាករ-កីឡាការិនី ចូលរួមសរុប១ ៦៣៩នាក់ (នារី ១១នាក់)។

ពិធីប្រណាំងទូកនេះប្រភេទទូកខ្នាតអន្តរជាតិ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល លេខ២ ១៥លានរៀល លេខ៣បាន១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល លេខ២បានចំនួន ៣លានរៀល និងលេខ៣ បាន១លានរៀល ។ ដោយឡែកទូកដែលចូលរួមប្រណាំងទាំងអស់ដែលមិនទទួល​បានជ័យលាភី ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនផងដែរ៕