(កំពត)៖ ជនដៃដល់ជាជនបរទេស២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកំពត ស្រាវជ្រាវចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពស្ទាក់ប្លន់ជនជាតិបរទេសដូចគ្នា យកអស់លុយប្រមាណ១៥០០ដុល្លារ។ ហេតុការណ៍ស្ទាក់ប្លន់នេះ បានកើតឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណុចស្ថានីយ៍ប្រេងឥន្ថនៈតេលា ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ CHAUDHARY FAHAD សញ្ជាតិប៉ាគីស្ថាន បាត់បង់សម្ភាររួមមាន, iPhone14, SAMSUNG Galaxy ពណ៌ខ្មៅ និងលុយចំនួន១,៥០០ដុល្លារ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តម៉ាកហាយឡែនឌឺ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AZ-9132 តែម្នាក់ឯងគោលបំណទៅខេត្តកែប មកដល់ស្ថានីយ៍ប្រេងឥន្ថនៈតេលា ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានឈប់ចាក់ប្រេង ត្រូវក្រុមជនសង្ស័យ៣នាក់ មានម្នាក់ជាជនជាតិប៉ាគីស្ថាន (ធ្លាប់ស្គាល់)ឈ្មោះ ABBAS AMJAD ភេទប្រុស ស្នាក់នៅកែប ជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ BF-5495 មកពីកែប។

ពេលនោះ ជនរងគ្រោះបម្រុងជិះចេញពីកន្លែងចាក់ប្រេង ស្រាប់តែក្រុមជនសង្ស័យបានជិះរថយន្តមកបាំងមុខឡានរបស់ជនរងគ្រោះ រួចហៅជនរងគ្រោះឲ្យចុះពីរថយន្តហើយលូកយកសម្ភារពីហោប៉ាវជនរងគ្រោះ ពេលយកសម្ភារបានក្រុមជនសង្ស័យ បានជិះរថយន្តគេចសំដៅទៅទីរួមខេត្តកំពត។

ក្រោយទទួលបានព័ត៌មានភ្លាម និងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមុធរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងជំនាញបានបើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដោយរំលងបានប៉ុន្មានម៉ោងក្រោយ ក្រុមជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន និងបញ្ជូនទៅសួរនាំនៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕