(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្ពានបេតុង ដែលមានទទឹង ៩ម៉ែត្រ និងបណ្ដោយប្រវែង ៤៥ម៉ែត្រ ឆ្លងចូលពុទ្ធមណ្ឌលកម្ពុជា នៅស្ទឹងអង្គរជ័យ ព្រំប្រទល់ឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

នាឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា ចំពោះសមិទ្ធិផលស្ពានថ្មីឆ្លងកាត់ស្ទឹងចូលទៅពុទ្ធមណ្ឌលកម្ពុជា គឺមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក៏ដូចជា៖ ពុទ្ធបរិស័ទធ្វើដំណើរទៅមកបំពេញកិច្ចសាសនា និងពិធីបុណ្យផ្សេងៗ រួមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាកសិករមកប្រកបការងារបង្កបង្កើនផល និងដឹកកសិផលមានភាពងាយស្រួល និងចំណេញពេលវេលាច្រើនផងដែរ។

អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញគោល នយោបាយយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា» ដោយនៅតែតម្កល់មនុស្សជាអាទិភាពនៅលើគេ។

លោកថា «នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ,មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»

ជាមួយគ្នានេះ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងស្មារតី «នៃវប្បធម៌ចែករំលែក» ជូនដល់អាជ្ញាធរ ដើម្បីសាងសង់ស្ពានបេតុងអាមេ នៅភូមិក្ដៅកន្លែង៤ ឃុំដីឥដ្ឋ និងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ នេះឡើង សម្រាប់ប្រជាជនទូទៅប្រើប្រាស់ជាសាធារណៈប្រកបដោយផាសុខភាព សមធម៌ និងបរិយាប័ន្ន៕