(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានស្នើឱ្យរដ្ឋាភិបាលប្រទេសសិង្ហបុរីពិនិត្យលទ្ធភាព ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជាការចូលរួមចំណែកបណ្តុះបណ្តាលធនធានម​នុស្សនៅកម្ពុជា។

ការស្នើរបស់ សម្តេច ហេង សំរិន បានធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ លោក ម៉ៃខើល តាន់ កេង ស៊ឹង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ដែលទើបតែងតាំងថ្មីប្រចាំ នៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ។

សម្តេច ហេង សំរិន បានលើកឡើងថា កម្ពុជា-សឹង្ហបូរី មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរមកហើយ ហើយទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់ កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ស្ថាប័ននីតិប្បញ្ញតិ នៃប្រទេសទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផងដែរ។ នៅក្នុងឆ្នាំ២០១៥ កន្លងមក លោកស្រីប្រធានរដ្ឋសភា សិង្ហបុរី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ។

សូមជំរាបថា នៅក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន នាព្រឹកមិញនេះ ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរី ក៏បានសន្យាពង្រឹងពង្រីកទំនាក់ទំនង​ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត និងគិតគូលទ្ធភាពផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាបន្ថែមផងដែរ៕