Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Talk: អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ៖ មិនថាកូនអ្នកតូច ឬកូនអ្នកធំ ការបង្ក្រាបក្មេងទំនើង គឺត្រូវធ្វើឡើងដោយម៉ឺងម៉ាត់ ស្មើភាពគ្នា គ្មានស្តង់ដារពីរទេ

20-11-2023 14:46

(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍មុននេះ លោកវរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្ក្រាបក្មេងទំនើងនៅមូលដ្ឋានរាជធានីភ្នំពេញនាពេលនេះ គឺធ្វើឡើងដោយម៉ឺងម៉ាត់ ស្មើភាពគ្នា ហើយគ្មានស្តង់ដារពីរនោះទេ។

ការបញ្ជាក់បែបនេះ ជាការឆ្លើយតបនឹងទស្សនៈបុគ្គលមួយចំនួន ដែលបានលើកឡើងថា សមត្ថកិច្ចអនុវត្តច្បាប់បង្ក្រាបក្មេងទំនើង ដោយចំពោះកូនប្រជាជនធម្មតា ឬអ្នកតូចតាច មិនហ៊ានអនុវត្តចំពោះកូនអ្នកធំនោះឡើយ។

វិធានការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាព៣ ដែលដាក់ចេញដោយ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពេលលោកចូលកាន់តំណែងរយៈពេល៣ខែមកនេះ។

លោកវរៈសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ទៀតថា ការបង្ក្រាបក្មេងទំនើង គឺត្រូវធ្វើឡើងដោយម៉ឺងម៉ាត់បំផុត ចំពោះក្មេងណាដែលបង្កគ្រោះថ្នាក់ដល់សង្គម ហើយគ្មានការបើកឱ្យមានការអន្តរាគមន៍ ឬសម្របសម្រួលនោះទេ ហើយប្រសិនបើ ក្មេងទំនើងនោះជាកូនមន្រ្តីធំ ដែលមានឥទ្ធិពលទៀតសោត ក៏ត្រូវអនុវត្តច្បាប់ជាគំរូថែមទៀត៕

សូមទស្សនា និងស្តាប់ការលើកឡើងរបស់ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖