(ភ្នំពេញ)៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន និងទេសចរណ៍ បានថ្លែងថា វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលស្ថិតនៅភូមិប៉ាត់ឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នឹងក្លាយទៅជាវត្តទេសចរណ៍ វប្បធម៌ និងសាសនា នាពេលអនាគតដ៏ខ្លីខាងមុខ។

ការលើកឡើងនេះ បានធ្វើឡើងបន្ទាប់ពីលោកស្រីបណ្ឌិត កុយ ពិសី និងក្រុមគ្រួសារ ព្រមទាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងភរិយា អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមនិងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អ្នកឧកញ៉ា លោកឧកញ៉ា លោកលោកស្រី និងញាតិមិត្តជិតឆ្ងាយ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដង្ហែអង្គកឋិនទានដោយបាននាំយកបច្ច័យ ចំនួន ៥៣៥ ៨០៦ ០០០ រៀល ទៅកាន់វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ដែលមាន ព្រះអង្គធម្មវនវាសី ចន្ទ មុនី ជាព្រះចៅអធិការ រួមនិងព្រះសង្ឃប្រមាណជា ២០ អង្គគង់នៅ។

បច្ច័យដែលប្រមូលបានខាងលើ គឺជាការរួមចំណែកចូលរួមកសាងវត្តនេះ ឱ្យក្លាយទៅជាវត្តទេសចរណ៍ វប្បធម៌ និងសាសនាគំរូ នៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល តាមរចនាបទខ្មែរអតីតកាលដ៏រុងរឿង។ អនាគតនៃវត្តនេះ មិនត្រឹមតែបម្រើឲ្យវិស័យសាសនា វប្បធម៌នោះទេ ប៉ុន្តែជាទីកន្លែងមួយដ៏ទាក់ទាញសម្រាប់ទេសចរក្នុងស្រុក និងទេសចរអន្តរជាតិបែបសាសនា ដ៏ល្អនៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសនោះ លោកស្រី​បណ្ឌិត កុយ ពិសី បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា មានសុខសន្តិភាព ទើបមានការរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានទាំងវិស័យសាសនាផងដែរ ដែលប្រជាពលរដ្ឋ​ទាំងអស់មានសេរីភាព ក្នុងការគោរពប្រតិបត្តិជំនឿសាសនារៀងៗខ្លួន។ លោកស្រីបណ្ឌិតបានឲ្យដឹងទៀតថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ វត្តនឹងប្រាព្វពិធីចុះបឋមសិលាសាងសង់ក្លោងទ្វាធំ វិហារ មណ្ឌលវិបស្សនា ស្ពាន សាលាឆាន់ ចេតីយ៍ សួន ក្នុងថ្ងៃតែមួយជាមួយគ្នា នឹងមានការចូលរួមពីមន្រ្តីរាជការ និងអ្នកមុខអ្នកការផងដែរ។

លោកស្រីបានបន្ថែមថា ជាក់ស្តែងនៅ វត្តចន្ទប្បជោត្តនារាម ដែលព្រះធម្មវនវាសី ចន្ទ មុនី ជាព្រះចៅអធិការគង់នៅនេះ គឺមានប្រជាពលរដ្ឋពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានមកគោរពប្រតិបត្តិជារៀងរាល់ថ្ងៃ ដោយថា គាត់ ទទួលបាននូវភាពជ្រះថ្លា មានសុខភាពល្អផ្លូវចិត្ត កាត់បន្ថយរោគស្ត្រេស យល់ដឹងពីបាប និងបុណ្យកាន់តែប្រសើរ។

លោកស្រីបណ្ឌិត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី អាជ្ញាធរមានសមត្ថកិច្ច ពុទ្ធបរិស័ទ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ដែលបានចូលរួមដង្ហែអង្គកឋិនទានជាមួយលោកស្រីបណ្ឌិត ដែលជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនា និងជាការួមចំណែកប្រែក្លាយតំបន់នេះ ឲ្យទៅជាតំបន់វប្បធម៌ សាសនា និងទេសចរណ៍នាពេលដ៏ខ្លីខាងមុខ ដែលពលរដ្ឋកម្ពុជាមិនថាតិចឬច្រើន នឹងទទួលបានជាប្រយោជន៍គ្រប់ៗគ្នា តាមរយៈការគេយកលុយមកចាយនៅស្រុកខ្មែរយើង ដែលនឹងធ្វើឲ្យពលរដ្ឋយើងមានការងារធ្វើ មានមុខរបប ធ្វើឲ្យជីវភាពពលរដ្ឋយើងកាន់តែប្រសើរឡើង៕