(ពោធិ៍សាត់)៖ ជនរងគ្រោះ ០៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត Camry បាឡែន បានបុកគោយន្តរបស់ពួកគេពីក្រោយ នៅវេលាម៉ោង៥៖៤៥នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនាព្រឹកនេះថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ០៣នាក់ បាននឹងកំពុងធ្វើដំណើរតាមគោយន្ត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត Camery បាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2R-4177 បានបុកពីក្រោយ ក្នុងទឹកដៅពីលិចទៅកើតដូចគ្នា បណ្តាលឲ្យគោយន្តក្រឡាប់ខូចស្ទើរទាំងស្រុង រងរបួសធ្ងន់ ២នាក់ និងស្រាល ១នាក់ ដោយឡែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រមទាំងមិនទាន់បានបញ្ជាក់អត្តសញ្ញាណជនរងគ្រោះនៅឡើយ ចំណែករថយន្តបង្កគ្រោះថ្នាក់ត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ៕