(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅកាន់ប្រតិបត្តិករ ក៏ដូចជាវិស័យឯកជនដែលជួញដូរ-នាំចេញផលិផលកសិកម្ម និងផលិតផលផ្សេងៗទៀត សូមកុំប្រកួតប្រជែងគ្នាឯងនៅក្នុងប្រទេសរហូតដល់បាត់បង់លទ្ធភាពប្រកួតប្រជែងនៅក្រៅប្រទេស អ្វីដែលសំខាន់បំផុតនោះគួរតែរួមគ្នាជាសហគមន៍រឹងមាំមួយតំណាងឱ្យជាតិ ដើម្បីពង្រឹងនិងបង្កើនការប្រកួតប្រជែងនៅក្រៅប្រទេស ទើបការទទួលបានផលលាភកាន់តែកើនឡើង។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីត្រូវបានធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតីបានឱ្យដឹងថា ប្រទេសកម្ពុជាជាប្រទេសនាំចេញកសិកម្ម ហើយក៏ប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលជាគោលដៅនាំចេញផលិតផលដ៏ធំសម្រាប់ទីផ្សារពិភពលោកផងដែរ តែនេះមិនមែនបានន័យថាកម្ពុជាគ្មានទីផ្សារនោះទេ គឺគ្រាន់ផលិតផលកម្ពុជានៅមានការចន្លោះប្រហោងដែលត្រូវពង្រឹងបន្ថែម ពីព្រោះអ្នកបញ្ជាទិញក៏គេមានជម្រើសក្នុងការទិញផលិតផលពីប្រទេសកម្ពុជា ឬប្រទេសផ្សេងៗទៀតដែរ ប្រសិនបើកម្ពុជាពង្រឹងគុណភាពផលិតផលរបស់ខ្លួនបានល្អ អ្នកបញ្ជាទិញក៏នឹងងាកមកទិញពីកម្ពុជាថែមទៀតដូចគ្នា។

ត្រង់ចំណុចនេះ ក៏ពាក់ព័ន្ធនឹងកិច្ចការរបស់ប្រតិបត្តិករ និងវិស័យឯកជនក្នុងប្រទេសផងដែរ ដោយសម្ដេចធិបតីក៏បានស្នើទៅកាន់ប្រតិបត្តិករ ក៏ដូចជាវិស័យឯកជនដែលជួញដូរ-នាំចេញផលិផលកសិកម្ម និងផលិតផលផ្សេងៗទៀត សូមកុំប្រកួតប្រជែងគ្នាឯងនៅក្នុងប្រទេសរហូតដល់បាត់បង់លទ្ធភាពប្រកួតប្រជែងនៅក្រៅប្រទេស។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវរួមគ្នាគិតគូរពីការប្រកួតប្រជែងផ្ទៃក្នុង តែកុំឱ្យប្រកួតរហូតដល់បាត់ការប្រកួតប្រជែងជាមួយប្រទេសជិតខាង......យើងសុខចិត្តយកលេខ១០ក្នុងក្រុមលេខ១ ជាជាងយកលេខ១ក្នុងក្រុមលេខ១០ បានន័យថា ត្រូវមានការកិច្ចសការ ព្រោះយើងម្នាក់ៗមិនអាចផលិតម្នាក់ឯងនោះទេ»

សម្ដេចធិបតីចង់ឱ្យប្រតិបត្តិករ ក៏ដូចជាវិស័យឯកជនដែលជួញដូរ-នាំចេញផលិផលកសិកម្ម និងផលិតផលផ្សេងៗទៀតរួមគ្នាជាសហគមន៍រឹងមាំមួយតំណាងឱ្យជាតិ ដើម្បីពង្រឹងនិងបង្កើនការប្រកួតប្រជែងនៅក្រៅប្រទេស ទើបការទទួលបានផលលាភកាន់តែកើនឡើង។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា «ការគិតពីផលប្រយោជន៍រួមនៃវិស័យទាំងមូលរបស់កម្ពុជា ជាជាងផលប្រយោជន៍របស់ក្រុមហ៊ុនណាមួយ»

សម្ដេចធិបតីបានបន្តថា ប្រសិនបើប្រទេសកម្ពុជាស្ថិតក្នុងក្រុមប្រទេសមានការប្រកួតប្រជែងខ្ពស់ គឺជារឿងល្អ តែប្រសិនបើកម្ពុជាបានលេខ១ តែស្ថិតក្នុងក្រុមប្រទេសមានការប្រកួតប្រជែងទាប នោះមិនសូវឈ្នះគេទេ ផលលាភក៏មិនសូវបានច្រើនដែរ។

សម្ដេចធិបតីបានលើកឡើងពីសេដ្ឋកិច្ចមាត្រដ្ឋាន ខណៈរាជរដ្ឋាភិបាលក៏បានគិតគូរចងក្រងជារចនាសម្ពន្ធ ហើយដាក់គោលនយោបាយមួយនៅក្នុងកម្មវិធីរៀបចំជាសហគមន៍កសិកម្មទំនើប ទំនើបទាំងបច្ចេកទេស ទាំងកិច្ចសហការ ដើម្បីបង្កើនការប្រកួតប្រជែងជាមួយប្រទេសនានា ព្រោះសេដ្ឋកិច្ចមាត្រដ្ឋានសំខាន់ណាស់ក្នុងការប្រកួតប្រជែង ធានានូវខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព៕