(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ គាំទ្រផលិតផលកសិកម្ម ដែលផលិតក្នុងស្រុក។

សម្តេចនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ពេលអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នៅទីស្តីការក្រសួងសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ចេក (អាច) ចុះថ្លៃ ប៉ុន្តែចេកកំប៉ុង មិនអាចចុះថ្លៃទេ ពោតអាចឡើងចុះ តែពោតកំប៉ុងមិនងាយចុះទេ ផលិតផលសម្រេចមិនងាយទេ។ ពិតណាស់ កសិកម្ម​ ត្រូវធ្វើ កសិ-ឧស្សាហកម្មយើង ១០០មុខទេ ទិសដៅយកអ្វីដែលជាសក្តានុពល ហើយពង្រីកតែម្តង។ ឧទាហរណ៍ មៀនប៉ៃលិន កំពុងមានទីផ្សារ យើងកំពុងដាក់គោលនយោបាយអនុគ្រោះផ្សេងៗ ពង្រីកតំបន់ (ផលិតមៀន) ប៉ៃលិន។ អតិថិជន ជាស្តេច អតិថិជន ជាអ្នកកំណត់ ក្នុងនិងក្រៅប្រទេស បើផលិតហើយ យើងអត់មានទីផ្សារលក់ យើងពិបាក។ អញ្ចឹងសម្រាប់កម្ពុជាយើង ខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង»។

បើតាមប្រសាសន៍សម្តេចធិបតី ចំពោះការធ្វើការលម្អិត មន្ត្រីកសិកម្មរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអាចជួយបាន ផ្គុំជាមួយវិស័យឯកជន ទាញនូវបច្ចេកវិទ្យាផ្សេងៗ ដាក់ទិសដៅតែម្តង ខិតខំធ្វើយ៉ាងណានាំចេញផលិតផលសម្រេចឲ្យបានច្រើន ដើម្បីធានាការប្រមូលនូវតម្លៃបន្ថែម នៅក្នុងស្រុកឲ្យបានច្រើន។

សូមជម្រាបថា នៅកម្ពុជា មានឃុំដែលមានសកម្មភាពកសិកម្មចំនួន១,៥៥០។ ក្នុងនោះឃុំ​ភាគ​ច្រើន ជាឃុំសម្បូរផលិតកម្មស្រូវ (១,០០០ឃុំ) ហើយមានគ្រួសារជាកសិករ​ប្រមាណ ២លានគ្រួសារ។ ដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ ទទួលបានសេវាកម្មកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១,៦០០នាក់នៅទូទាំងប្រទេស។

តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅជានាយករដ្ឋមន្ត្រីនោះ នៅដើមឆ្នាំ២០២៣ ក្រសួងបានសាកល្បងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន១០នាក់ នៅ១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដើម្បីពន្លឿនសេវាកសិកម្មដល់កសិករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០នាក់នៅឆ្នាំ២០២៣ និងចំនួន ៨០០នាក់ នៅឆ្នាំ២០២៤ និង៥៥០នាក់ នៅឆ្នាំ២០២៥។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ ដែលត្រូវបានដាក់ចេញ ដើម្បីជួយវិស័យកសិកម្ម រួមមាន៖

១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ​ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។

កម្មវិធីនយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជា​ផ្លូវការនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្មវិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

</p