(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន មៀនប៉ៃលិនកម្ពុជា បាននឹងកំពុងដាក់លក់នៅលើទីផ្សារអនឡាញ អាលីបាបា ដែលជាទីផ្សារមួយមានអតិថិជនរាប់រយលាននាក់នៅលើពិភពលោក ហើយការឈានទៅដាក់លក់មៀនប៉ៃលិននៅលើទីផ្សារអាលីបាបានេះ គឺយុទ្ធសាស្រ្តស្វែងរកទីផ្សារថ្មីសម្រាប់កសិផលខ្មែរ។
សម្តេចធិបតីបន្តថា ការដែលអាលីបាបាអនុញាតឱ្យមៀនប៉ៃលិនកម្ពុជាដាក់លក់នៅលើទីផ្សារអាលីបាបានេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាលីបាបាកាលពីពេលកន្លងទៅ និងបាននាំចូលមៀនប៉ៃលិនកម្ពុជាសាកដាក់លក់ ហើយទទួលបានដំណើរការយ៉ាងល្អ។
សម្តេចថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតីបានអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្តេចមានប្រសាសន៍ថា «ក្រុមហ៊ុន អាលីបាបានេះ គាត់មានអតិថិជនគាត់រាប់រយលាននាក់នៅលើពិភពលោក ហើយការឱ្យគាត់ជួយលក់ហ្នឹងគឺអត់មានចាំបាច់ទាល់តែរកភ្នាក់គាត់ឱ្យមកជួយដើរលក់ទេ គឺសុំលក់នៅក្នុងថ្នាលបច្ចេកវិទ្យារបស់គាត់ហ្នឹងឯង ដើម្បីដាក់ផលិតផលរបស់យើងនៅលើហ្នឹង គឺអតិថិជនរាប់រយលាននាក់នៅលើពិភពលោកមាន។ហើយកាលខ្ញុំទៅទីនោះ ខ្ញុំឃើញមៀនប៉ៃលិន លក់តាមអាលីបាបាសាកមួយកុងតៃន័រដំបូងគឺដំណើរការ បានន័យថាអ្នកលក់ផ្ទាល់មានលទ្ធភាព ដោយមិនចាំបាច់នេះទេ។ ហើយមិនមែនតែផលិតផលកសិកម្មទេ អាលីបាបា អាចយកផលិតផលសិប្បកម្ម និងផលិតផលផ្សេងទៀតដែលស្រុកយើងអាចលក់បាន។»
សម្តេចធិបតីមានប្រសាសន៍បន្ថែមថា ការដាក់លក់មៀនប៉ៃលិនកម្ពុជានៅលើទីផ្សារអាលីបាបា គឺជាការបើកច្រកមួយទៀតតាមរយៈបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងឱ្យផលិតផលរបស់កម្ពុជាអាចមានលទ្ធភាពលក់ទៅដល់ដៃអតិថិជននៅក្រៅប្រទេស។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានណែនាំដល់អ្នកពាក់ព័ន្ធត្រូវទាញផលពីបច្ចេកវិទ្យា ដើម្បីលក់ផលិតផលរបស់កម្ពុជា ជាពិសេសកសិផល នៅលើថ្នាលបច្ចេកវិទ្យានៅកម្ពុជា ហើយត្រូវធានាគុណភាព និងស្តង់ដារផលិតផល។
សូមជម្រាបផងដែរថា ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន បានធ្វើឡើងជាផ្លូវការ កាលពីចុងខែតុលា ឆ្នាំ២០២២ ដែលគិតមកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ផ្លែមៀនស្រស់កម្ពុជានាំចេញទៅប្រទេសចិន មានចំនួន១៤ ៣៤៥,៧៤តោន។
អគ្គនាយកដ្ឋានកសិកម្ម បានចុះបញ្ជីចម្ការមៀន និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន បានចំនួន ៩៧ក្រុមហ៊ុននិងម្ចាស់ចម្ការ និង ១២រោងចក្រវេចខ្ចប់ និងទទួលបានការអនុម័តទទួលស្គាល់ជាផ្លូវការពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដែលមានដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស។
ឧកញ៉ាបណ្ឌិត ឈិន កេន នាយកគ្រប់គ្រង Advance Digital World Trade (ADWT) ដែលបានសហការនាំចេញផ្លែមៀនប៉ៃលិនស្រស់ដាក់លក់នៅលើទីផ្សារអនឡាញ អាលីបាបា បានឱ្យដឹងដែរថា មៀនប៉ៃលិនរបស់កម្ពុជាទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន ដែលធ្វើឱ្យកំណើននៃការបញ្ជាទិញ និងនាំចេញ បានកើនឡើងប្រមាណ៣០%៕
</p