(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៤ខាងមុខនេះ សម្តេចបានដាក់ចេញគោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយតម្រូវឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ពិនិត្យមើលឡើងវិញ នូវចរនាសម្ព័ន្ធផ្ទៃក្នុង រួមមានការអនុវត្តតួនាទី ភារកិច្ច ធ្វើយ៉ាងណាកុំឱ្យមានការជាន់គ្នា។
ជាមួយគ្នានេះ ចំពោះការអនុវត្តការងារ សម្តេចនាយករដ្ឋមន្ត្រីបានជំរុញឱ្យក្រសួងស្ថាប័នចេះសហការគ្នា មានមេបញ្ជាការតែមួយ គឺជារឿងសំខាន់ដែលជំរុញឱ្យការងារមានប្រសិទ្ធភាព ទទួលបានលទ្ធផលល្អ។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «ការសម្រួចជាមួយគ្នាឱ្យមេបញ្ជាការរួម គឺសំខាន់ តែមានមេទ័ពច្រើនពិបាក [...] កិច្ចការសំខាន់ត្រូវពង្រឹងយន្តការរបស់យើង គឺស្ថាប័នថ្នាក់ជាតិថ្នាក់ក្រោមជាតិធ្វើយ៉ាងឱ្យមានប្រសិទ្ធភាព។ ដៃគូតែមួយ ច្រកចេញចូលតែមួយ ទៅនិយាយជាមួយតែមួយ វិស័យឯកជនក៏មានតំណាងតែមួយ កសិករក៏មានសហគមន៍ រដ្ឋាភិបាលក៏មានតំណាងតែមួយ ដែលធ្វើការរួមគ្នាសម្របសម្រួលគ្នា ដាក់ចេញទិសដៅតែមួយ»។
សម្តេចបានថ្លែងទៀតថា «បន្តិចទៀតអាណិត្តថ្មីនេះ នៅឆ្នាំ២០២៤ គឺខ្ញុំដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈនេះ គឺគ្រប់ក្រសួងទាំងអស់ត្រូវពិនិត្យឡើងវិញ ចរនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ច ព្រោះកន្លែងខ្លះអាចជាន់គ្នា ឧទាហរណ៍ក្រសួងកសិកម្ម នាយកដ្ឋានស្រាវជ្រាវអាចជាន់គ្នាជាមួយ CARDI (វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា) យើងពង្រឹងមួយណាទុកមួយណា តួនាទីយ៉ាងម៉េច? ឧទាហរណ៍ ធនធានទឹក អភិវឌ្ឍន៍ជនបទ ជាន់គ្នាយ៉ាងម៉េច? រ៉ែ និងថាមពល និងធនធានទឹក នរណាគេគ្រប់គ្រងខ្សាច់ ? ពេលខ្លះត្រូវមើលបញ្ហានេះឡើងវិញ»។
សម្តេចបានលើកឡើងទៀតថា ការគិតសរសេរ និងដាក់ចេញក្របខណ្ឌគោលយោបាយសំខាន់ហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺជាការអនុវត្ត ហើយបរាជ័យ និងជោគជ័យ អាស្រ័យលើការអនុវត្តមានប្រសិទ្ធភាព ឬអត់? ប្រសិនបើអនុវត្តន៍មិនបានល្អបង្កើត ឱ្យមានភាពត្រួតស៉ីគ្នានៃស្ថាប័នថែមទៀត៕