(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ការចងក្រងគ្នាជាសហគមន៍របស់កសិករ និងរៀបចំជាសហគមន៍កសិកម្មទំនើប ពិតមានសារៈសំខាន់ណាស់សម្រាប់ការបង្កើនផលិតកម្មក្នុងសហគមន៍ និងធានាបាននូវខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព ក្នុងនោះរាជរដ្ឋាភិបាលក៏មានភាពងាយស្រួលក្នុងការដាក់ចេញកិច្ចអន្តរាគមន៍ផ្សេងៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយចំនួន៣ទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការគិតគូរនេះដែលយើងបានចងក្រងជារចនាសម្ព័ន្ធ ហើយដាក់គោលនយោបាយមួយនៅក្នុងកម្មវិធីនេះ គឺការរៀបចំជាសហគមន៍កសិកម្មទំនើប ពាក្យថាសហគមន៍កសិកម្មទំនើបមិនមែនបានន័យថាយើងមានត្រឹមតែមានធនធាន មានតែបច្ចេកវិទ្យាទំនើបទេ ប៉ុន្តែទំនើបទាំងការគិត ទំនើបទាំងរបៀបរបបធ្វើការសហការគ្នា ដែលខ្ញុំតែងតែឱ្យគិតថាពេលខ្លះយើងសុខចិត្តយកលេខ១០ នៅក្នុងក្រុមលេខ១ ជាជាងយកលេខ១ នៅក្នុងក្រុមលេខ១០ បានន័យថាយើងត្រូវវាយតម្លៃខ្លួនយើងថាតើកន្លងទៅពួកយើងផលិតម្នាក់ៗឯងទៅអត់រួច?»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សេដ្ឋកិច្ចមាត្រដ្ឋានត្រូវតែធ្វើ ព្រោះបើយើងគ្មានមាត្រដ្ឋាន គ្មានទំហំទេ យើងផលិតប្រកួតប្រជែងជាមួយអ្នកនាំចេញផ្សេងទៀតមិនបានទេ ព្រោះយើងភាគច្រើនការប្រកួតប្រជែងនាំចេញទៅទីផ្សារស្រដៀងគ្នា ហើយបើអត់មានមាត្រដ្ឋានទេ អត់មានលទ្ធភាពនៅក្នុងការយកបច្ចេកវិទ្យា និងការទទួលការអន្តរាគមន៍បានគ្រប់ល្អិតល្អន់នោះទេ ហើយសូម្បីតែរដ្ឋចង់ជួយក៏មិនអាចជួយគ្រប់បានដែរ តែបើសិនជាផ្គុំគ្នាបានរាប់ពាន់គ្រួសារ បង្កើតបានជាសហគមន៍មួយ ផលិតជាប្រភេទកសិកម្មតិចមុខ យើងអាចជួយជាលក្ខណៈធំបាន ដោយបង្កើតជាប្រឡាយទឹក ឫជាអ្វីមួយគឺរដ្ឋអាចជួយបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះទៀតថា «សេដ្ឋកិច្ចមាត្រដ្ឋានសំខាន់ណាស់ក្នុងការប្រកួតប្រជែង ហើយជាពិសេសនោះដែលយើងដាក់ទិសដៅប្រែក្លាយនឹងដើរចេញពីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប និងកសិកម្មឧស្សាហកម្មទ្រង់ទ្រាយធំ ដែលទាមទារឱ្យកសិករនីមួយៗ ដែលចូលទៅក្នុងសហគមន៍កសិកម្មទំនើប មានផ្នត់គំនិតដែលចង់ឲ្យសហគមន៍របស់ខ្លួនមានភាពប្រកួតប្រជែង និងរួមគ្នានៅក្នុងកញ្ចប់គោលនយោបាយរួម ដើម្បីឱ្យតំបន់យើងក្លាយទៅជាតំបន់ដែលមានភាពប្រកួតប្រជែងជួយដល់សេដ្ឋកិច្ច ជួយដល់វិស័យកសិកម្មក្នុងការប្រកួតប្រជែងទាំងនៅក្នុងនឹងក្រៅ ចឹងការរៀបចំចងក្រងគ្នានេះសំខាន់ណាស់ ហើយការរៀបចំចងក្រងនេះគឺមានកិច្ចការសំខាន់ត្រង់ថា វាធានានៅខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា នៅពេលដែលសម្តេចនៅជាកងទ័ព សម្តេចក៏បានដាក់គោលដៅអភិវឌ្ឍន៍ផ្នែកកសិកម្ម តាមរយៈការបូកបញ្ជូលគ្នាសម្រាប់ដីរបស់គ្រួសារកងទ័ព ដើម្បីដោះស្រាយបញ្ហាកង្វះដី និងធ្វើកសិកម្ម ជាមួយគ្នានោះដែរក៏គិតគូរពីទីផ្សារតាមរយៈការរកដៃគូរលក់ចេញ ហើយគន្លឹះដែលសំខាន់គឺនៅលើការផលិតមានគុណភាព និងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅដល់ទីផ្សារលក់ចេញ៕