(ភ្នំពេញ)៖ ក្នុងពិធីអុជកាំជ្រួចអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នៅរាជធានីភ្នំពេញ មិត្តជប៉ុនបានផ្តល់នូវជំនួយអភិវឌ្ឍន៍ផ្លូវការ លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក៏មានការកើនឡើងជាបន្ដបន្ទាប់ផងដែរ។

គម្រោងអភិវឌ្ឍន៍ដែលរដ្ឋបាលរាជធានីភ្នំពេញទទួលបាន លោក ឃួង ស្រេង បានរៀបរាប់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ជំហានទី៤, គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក, គម្រោងធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍, គម្រោងជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាដើម។

បន្ថែមលើនេះ ក្នុងវិស័យឯកជន ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បានបណ្ដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់តាំងពីគម្រោងទី១ រហូតដល់គម្រោងទី៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។

សម្រាប់ការរៀបចំ កម្មវិធីបាញ់កាំជ្រួចអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឱកាសនេះ គឺមិនត្រឹមតែធ្វើឡើង ដើម្បីអបអរសាទរខូបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខូបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាង «កម្ពុជា-ជប៉ុន» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឲ្យ បានកាន់តែស៊ីជម្រៅ និងជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រជាជាតិយើងទាំងពីរ ក្នុងស្មារតីផ្តល់ការឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ។

លោក អ៊ូអិណូ អាត់ស៊ូស៊ី UENO At sushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា កម្មវិធីនេះធ្វើឡើង ដើម្បីរំលឹកពីខួប មិនត្រឹមតែជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាទំនាក់ទំនងរវាងក្រុមហ៊ុនឯកជន និងអង្គការនានារបស់ជប៉ុនអោយកាន់តែរឹងមាំថែមទៀត។ ហើយក៏ថ្ងៃបង្ហាញឲ្យឃើញកាន់តែច្បាស់ ពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាង «កម្ពុជា-ជប៉ុន» សូមឲ្យទំនាក់ទំនងនេះកាន់តែរឹងមាំថែមទៀត។

លោក ឃួង ស្រេង បានអះអាងថា តាមរយៈព្រឹត្តិការណ៍នេះ ពិតជាបានចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិករក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «កម្ពុជា-ជប៉ុន» ឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា៕