(កំពង់ធំ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ នៅព្រឹកទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានបង្ក្រាបការដឹកជញ្ជូនឈើប្រណិត ប្រភេទលេខ២មួយគ្រឿង ដែលដឹកចេញពីទឹកដីខេត្តព្រះវិហារ ដើម្បីយកមកទម្លាក់ស្តុកទុកនៅ ដេប៉ូឈើរបស់ឈ្មោះ ស្រេង នៅភូមិស្រែ ឃុំសាលាវិស័យ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសនៃការដឹកជញ្ជូន ឈើទាំងនេះ បានធ្វើឡើងនៅស្រុកប្រាសាទបល្ល័ង្ក ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការបានបន្តថា «នៅវេលាម៉ោង៤៖១០នាទីព្រឹក ទៀបភ្លឺថ្ងៃនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ក្រាបបទល្មើសដឹកជញ្ជូនឈើ ប្រភេទលេខ២ មិនមានច្បាប់អនុញ្ញាត នៅលើផ្លូវជាលេខ៦២ ភូមិអណ្តាស ឃុំសាលាវិស័យ ដោយចាប់ឃាត់រថយន្ត ម៉ាកហ៉ីយ៉ាន់ដាយ ទំងន់៥តោន ១គ្រឿង ផ្លាកលេខគ្មាន ផ្ទុកឈើប្រភេទលេខ២ (៥x១៥) សរុប១៩៤សន្លឹក ស្មើ១១,០១ម៉ែត្រគុប និងឃាត់ខ្លួនអ្នកបើកបរម្នាក់ និងព្រូឡានម្នាក់ផងដែរ»។
បើតាមលោកស្នងការ សម្រាប់ជនសង្ស័យ និងវត្ថុតាងទាំងនេះត្រូវបានកម្លាំងនគរបាលរបស់លោក បញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើ ចាត់ការបន្តទៀត៕