(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកតម្រូវការទីផ្សារ និងចំណូលរបស់កសិករនៅពេលប្រមូលផល សំខាន់ជាងប្រភេទមុខដំណាំដែលត្រូវបានជ្រើសរើសយកមកដាំ ឬប្រភេទសត្វចិញ្ចឹម។

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់សម្ដេចលើការងារកសិកម្ម មិនសំខាន់ថាចិញ្ចឹមអ្វី ឬដាំអ្វីនោះទេ ពោលឲ្យតែកសិករមានទីផ្សារ ហើយទទួលបានចំណូលច្រើននៅពេលប្រមូលផល នេះហើយជាគោលដៅធំដែលសម្ដេចចង់បាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំកសិកម្ម មិនសំខាន់លើអ្វីដែលយើងដាំទេ ឬមួយចិញ្ចឹមទេ។ សំខាន់អ្វីដែលយើងដាំ ឬចិញ្ចឹម បានប្រមូលផលច្រើន មានទីផ្សារ ហើយបានចំណូលច្រើនដល់កសិករនេះជាគោលដៅធំ»

ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចធិបតីនាយករដ្ឋមន្ដ្រីណែនាំកុំឲ្យមានការបង្ខំប្រជាពលរដ្ឋឲ្យពួកគាត់ធ្វើការផ្លាស់ប្ដូរភ្លាមៗ ពោលទាមទារនូវការពន្យល់មួយច្បាស់លាស់ និងជាក់លាក់ ហើយឃើញនូវលទ្ធផលជាក់ស្ដែង។ សម្ដេចលើកឧទាហរណ៍ថា ប្រសិនបើប្រជាពលរដ្ឋធ្លាប់តែធ្វើស្រែ ប៉ុន្ដែតំបន់នោះមានសក្ដានុពលសម្រាប់ដាំស្វាយចន្ទី ដូច្នេះត្រូវតែដាក់បង្ហាញឲ្យច្បាស់ទៅកាន់ពួកគាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា ដើម្បីបំពេញទៅបាននូវប្រភេទកសិកម្មទំនើប ត្រូវតែទំនើបទាំងថវិកា ទាំងសម្ភារ និងទំនើបការគិតគូថែមទៀត សំដៅដើរឲ្យទាន់សភាពការជាក់ស្ដែងនៅពេលបច្ចុប្បន្ន។ ដោយឡែក សម្រាប់ផលិតផលណាពិបាកក្នុងការប្រកួតប្រជែង ក្រុមការងារកសិកម្មត្រូវជួយដល់កសិករឲ្យអស់ពីលទ្ធភាព។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, នៅពេលកសិករទទួលបានចំណូលច្រើន ហើយក្លាយជាកម្លាំងរួមហើយនោះ ម្ល៉េះភាពប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗទៀត ក៏មានឱកាសច្រើនទៅតាមនោះដែរ។ ទាំងអស់នេះគឺស្ថិតនៅក្នុងគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព​របស់ប្រជាពល​រដ្ឋ។

សូមជម្រាបថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ច​កោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជរដ្ឋា​ភិបាល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញកម្មវិធី​នយោ​បាយ​អាទិភាពចំនួន៦ ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព​របស់ប្រជាពល​រដ្ឋ។

កម្មវិធីគោលនយោបាយអាទិភាពចំនួន ៦រួមមាន៖
១៖ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល
២៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពី គ្រួសារ​ក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស
៣៖ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋ- កិច្ច និង គ្រាមានគ្រោះអាសន្ន
៤៖ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព​ចូល​រួមក្នុង​សេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារសង្គមផ្លូវការ
៥៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
៦៖ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព​កសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕

</p