(ម៉ាល់ឌីវ)៖ តបតាមការអញ្ជើញរបស់ការិយាល័យប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋម៉ាល់ឌីវ កាលពីថ្ងៃទី១៦-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន និងជាប្រធានសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) បានបំពេញទស្សនកិច្ចការងារ និងបានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ លោកបណ្ឌិត មូហាម៉ាត់ មុយស៊ូ (Mohamed Muizzu) ជាប្រធានាធិបតីថ្មី និងលោក ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វ

(Hussain Mohamed Latheef) ជាអនុប្រធានាធិបតីថ្មី នៅរដ្ឋធានីម៉ាល់នៃសាធារណរដ្ឋម៉ាល់ឌីវ។

ក្នុងឱកាសនោះ លោក សួស យ៉ារ៉ា បានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ លោកប្រធានាធិបតី និងអនុប្រធានាធិបតី។

ក្នុងជំនួបពិភាក្សាការងារដោយឡែកជាមួយ លោកអនុប្រធានាធិបតី ហ៊ូសេន មូហាម៉ាត់ ឡាទីហ្វ លោកបានលើកឡើងអំពីទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសម៉ាល់ឌីវ កាលពីខែមករា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានជ្រើសរើសផ្លូវមួយខ្សែនៅខេត្តព្រះសីហនុដាក់ឈ្មោះថា «ផ្លូវមិត្ត ភាពកម្ពុជា-ម៉ាល់ឌីវ» សម្រាប់អបអរខួបលើកទី៣០ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាលើការ ជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ដូចជាការតភ្ជាប់គោលដៅទេសចរណ៍នៃប្រទេសទាំងពីរ ពាណិជ្ជកម្ម ការវិនិយោគ និងការ ផ្លាស់ប្តូរទៅវិញទៅមកលើការអភិរក្សវប្បធម៌និងធនធានសមុទ្រ រួមគ្នាលើកកម្ពស់សន្តិភាពក្នុងតំបន់និងពិភពលោក មនុស្ស ធម៌ សន្តិសុខស្បៀង ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងអន្តរសភានានា។

ឆ្លៀតក្នុងឱកាសនោះ លោក សួស យ៉ារ៉ា ក៏បានជួបពិភាក្សាការងារជាមួយ លោក អាល់បាវ៉ាន់ (Ahmed Bin Mohammad Al-Jarwan) ប្រធានក្រុមប្រឹក្សាសកលដើម្បីសន្តិភាព និងភាពអត់ឱន (GCTP) នៃអារ៉ាប់រួមអេមីរ៉ាត លើកិច្ច សហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ដោយផ្តោតលើការត្រៀមរៀបចំមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដោយកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ដើម្បីពិនិត្យបង្កើតគោលការណ៍ នៃកិច្ចសហប្រតិបត្តិការសន្តិភាពសកលគឺមិនយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមដែលជាគំនិតផ្តួចផ្តើមរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ៕