(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលុបបំបាត់សកម្មភាពទាំងឡាយ ដែលរារាំងដល់ការប្រកួតប្រជែងដោយស្មើភាព សម្រាប់ទីផ្សារកសិកម្ម។
ការណែនាំនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
សម្តេចបានលើកឡើងថា កម្ពុជាជាសមាជិក អង្គការពាណិជ្ជកម្មសេរី ការជួយអន្តរាគមន៍មួយចំនួន អាចប៉ះពាល់ទៅដល់ច្បាប់នៃការប្រកួតប្រជែង ហើយអាចជំរុញឱ្យបាត់ទីផ្សារថែមទៀត ដូច្នេះ អ្វីដែលសំខាន់គឺពង្រឹងផលិតផលខ្លួនឯង។ សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាល ក៏មិនអាចទៅអន្តរាគមន៍រឿងតម្លៃរហូតបានទេ។ ការអន្តរាគមន៍តម្លៃ គឺអាចធ្វើបានតែទៅលើផលិតផលយុទ្ធសាស្ត្រមួយចំនួនដែលចាំបាច់បំផុត។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចថា ពេលដែលលក់បានល្អហើយ ក៏នៅតែអន្តរាគមន៍ ដើម្បីឱ្យកាន់តែល្អ គឺអត់ទេ គឺត្រូវជួយកម្រិតណា ដើម្បីឱ្យទីផ្សារមានការប្រកួតប្រជែង បើមិនអញ្ចឹងទេយើងប្រឈមទី១ សូម្បីរដ្ឋធម្មនុញ្ញដែលធានាសេដ្ឋកិច្ចទីផ្សារហ្នឹង ក៏កាត់បន្ថយនូវការលូកដៃរបស់រដ្ឋ និងទី២ គឺប្រសិទ្ធភាព ធ្វើយ៉ាងណាដើម្បីអន្តរាគមន៍»។
សម្តេចបានពន្យល់បន្ថែមថា ការកសាងមូលដ្ឋានកសិកម្ម ដែលមាននិរន្តរភាព និងម្ចាស់ការមួយ មិនតម្រូវឱ្យមានកិច្ចអន្តរាគមន៍ជានិច្ចពីរាជរដ្ឋាភិបាលនោះទេ តែរាជរដ្ឋាភិបាល មានកាតព្វកិច្ចធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សារសេរីនេះ កាន់តែស្មើភាព យុត្តិធម៌ និងបរិយាបន្ន។
«សម្រាប់យុទ្ធសាស្ត្រនេះ ខ្ញុំសូមឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សហការក្នុងការលុបបំបាត់នូវរាល់សកម្មភាពណាមួយ ដែលរារាំងដល់ប្រជាកសិករ និងវិស័យឯកជនប្រកួតប្រជែង ក្នុងទីផ្សារមួយដែលស្មើភាព» នេះបើតាមការបញ្ជាក់របស់ សម្តេចធិបតី។
សម្តេចបានបន្ថែមទៀតថា ពាក់ព័ន្ធនឹងការប្រកួតប្រជែងនេះ រាជរដ្ឋាភិបាលក៏មិនអាចបង្ខំវិស័យឯកជន ក៏ដូចជា ប្រជាពលរដ្ឋ ឱ្យទិញផលិតផលណាមួយ៕
</p