(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងថា ទោះបីពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ និងបានជះផលអវិជ្ជមាន ដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក៏ដោយ ក៏វិស័យកសិកម្មនៅតែរឹងមាំ និងបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបន្ធូរបន្ថយភាពតឹងផ្នែកសេដ្ឋកិច្ច ពិសេសការធានានូវសន្តិសុខស្បៀង ដោយបានបញ្ចៀសទាំងស្រុងនូវវិបត្តិស្បៀងអាហារ និងអតិផរណានៃតម្លៃស្បៀងរបស់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា កម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ កម្ពុជាថែមទាំងអាចនាំចេញផលិតផលកសិកម្ម ប្រមាណ៦.២លានតោនទៅកាន់ទីផ្សារអន្តរជាតិ នៅរយៈពេល១០ ខែឆ្នាំ២០២៣នេះ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី​នយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ជាការពិតណាស់វិបត្តិស្បៀងអាហារមិនមែនជាបញ្ហាដែលស្រមើស្រមៃនោះទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងឃើញដោយសារទី១ បញ្ហាសង្គ្រាមដែលចាប់ផ្តើមពីនៅវិបត្តិអ៊ុយក្រែន-រុស្ស៉ី ដែលជាប្រទេសផលិតនាំចេញស្រូវសាលី ច្រើនក្នុងពិភពលោក បានធ្វើវិបត្តិតម្លៃនៃអាហារជាច្រើនជាពិសេស នៅប្រទេសជឿនលឿនដែលពឹងផ្អែកទៅលើ វត្ថុធាតុដើមទាំងនោះ គឺមានការប៉ះពាល់។ អង្កាលដែលខ្ញុំទៅចូលរួមកិច្ចប្រជុំអាស៊ាន មានការលើកឡើងច្រើនពីកង្វល់នៃឥទ្ធិពលរបស់បាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យប៉ះពាល់ការផលិតស្បៀងនៅទូទាំងពិភពលោក អាចនាំឱ្យមានកង្វះស្បៀង និងថ្លៃទំនិញ យើងធ្លាប់ឃើញហើយនៅអាស៊ានយើងប៉ុន្មានឆ្នាំមុន ប្រទេសខ្លះត្រូវរហូតបើកកូតាលក់ឱ្យប្រជាពលរដ្ឋ ព្រោះទំនិញថ្លៃ ហើយខ្វះ អីចឹងហើយបានប្រទេសជាច្រើនបើកយុទ្ធការទិញ កន្លងទៅខ្ញុំបានជួបថ្នាក់ដឹកនាំអាស៊ានមួយចំនួន ពួកគាត់ចាប់ផ្តើមប្រមូលទិញ ហើយទិញស្តុកបម្រុងក្នុងករណីចាំបាច់ ដោយសារការព្យាករណ៍ តែផ្ទុយទៅវិញនៅខណៈដែលប្រទេសជាច្រើនកំពុងជួបវិបត្តិនេះ កម្ពុជាយើងធានាបាននូវសន្តិសុខស្បៀង ហើយតាមរបាយការណ៍របស់ឯកឧត្តរដ្ឋមន្ត្រីកសិកម្ម យើងមានអធិរេក (ច្រើនលើស) បាននាំចេញ៦.២លានតោន នៅក្នុង១០ខែកន្លងមកនេះ»។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការធានាបាននូវសន្តិសុខស្បៀង និងសល់កសិផលដើម្បីនាំចេញនេះ គឺជាតិកតាងមួយបញ្ជាក់ថា កម្ពុជាមិនមែនមានតែសក្តានុពលធនធានធម្មជាតិ និងមានដីដែលមានជីវជាតិនោះទេ ប៉ុន្តែសបញ្ជាក់អំពីការដឹកនាំ ការគ្រប់គ្រង និងដាក់ចេញគោលនយោបាយត្រឹមត្រូវ រួមទាំងការបញ្ចប់សង្គ្រាម ការរំដោះដីកសិកម្មចេញពីគ្រាប់មីន ការមិនយកពន្ធដីកសិកម្ម និងការអនុគ្រោះដល់វិស័យកសិកម្ម របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ គឺទទួលបានផលមកវិញ។

បើតាមរបាយការណ៍របស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា ជាក់ស្តែងគិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការដាំដុះស្រូវសម្រេចបានជាង ៣.៦លានហិចតា និងទទួលបានទិន្នផល៦.២លានតោន ជាមួយនឹងការរំពឹងទុកថានឹងទទួលបានទិន្នផលជាង ៦.៣លានតោនបន្ថែមទៀត នៅក្នុងខែវិច្ឆិកា និងខែធ្នូឆ្នាំនេះ។ ក្នុងរយៈពេលដូចគ្នានេះដែរ ការនាំចេញផលិតផលកសិកម្ម នៅបន្តរក្សាបានតួលេខខ្ពស់ គឺជាង ៦.២លានតោន គិតជាទឹកប្រាក់ជាង ៣.៥ពាន់លានដុល្លារអាមេរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេស៕