(ភ្នំពេញ)៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា គណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គឺជាតួអង្គពាក់ព័ន្ធមួយដែលសំខាន់នៃវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន។
ការលើកឡើងរបស់លោកឧកញ៉ាបណ្ឌិត ឡី សុភាព យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល របស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ឡី សុភាព បានលើកឡើងថា គោលជំហររបស់គណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្តាលនេះ គឺគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគាំទ្រនូវកម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ ដែលត្រូវបានដាក់ចេញឲ្យអនុវត្តនៅឆ្នាំ២០២៣។
លោកឧកញ៉ាបណ្ឌិត ឡី សុភាព បានបញ្ជាក់ថា «ចំពោះការតែងតាំងនាពេលនេះ គឺធ្វើឡើងស្របទៅតាមច្បាស់ជាតិកម្ពុជា ហើយយោងទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាយ៉ាងត្រឹមត្រូវ គ្រាន់តែយើងបម្រើការឲ្យវិស័យអង្គការ សមាគម និងវិស័យឯកជនតែប៉ុណ្ណោះ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលសម្តេចធិបតីមានការយកចិត្តទុកដាក់លើកិច្ចការងារនេះ ហើយគណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល នៃសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គឺជាតួអង្គពាក់ព័ន្ធមួយដែលសំខាន់នៃវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន»។
ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជារូបនេះ ក៏បានប្រកាសគាំទ្រនូវគោលនយោបាយជាអាទិភាពទាំង៦ ដែលត្រូវបានដាក់ចេញចាប់ផ្តើមអនុវត្តភ្លាមនៅឆ្នាំ២០២៣នេះ របស់រាជរដ្ឋាភិបាលថា៖ ទី១ យើងប្រកាសគាំទ្រពង្រីកសេវាការថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់ជាសកល, ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស, ទី៣ ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, ទី៤ ការដាក់ចេញនិងការជំរុញ អនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យមានលទ្ធភាពចូលទៅក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ការគាំពារសង្គមជាផ្លូវការ, ទី៥ ការដាក់ចេញនូវយន្តការ សម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យឲ្យមាន សមាគមកសិករនៅតាមជនបទ"។
លោកឧកញ៉ាបណ្ឌិត ឡី សុភាព បានលើកឡើងថា រាជរដ្ឋាភិបាលក៏បានរៀបចំឲ្យមានយុទ្ធសាស្ត្រជាតិស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុទ្ធសាស្ត្រជាតិស្តីអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅមុំទី៤ ក្រោមធិបតីភាពសម្តេចធិបតី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ដែលយុទ្ធសាស្ត្រទាំងអស់ត្រូវបានរដ្ឋាភិបាលបានរៀបចំសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធយើងនេះតែម្តង។
ជាមួយគ្នានោះ ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្នាក់កណ្ដាល របស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានប្តេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលថា ប្តេជ្ញាចងក្រង និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ រួមមាន យុវជន អ្នកជំនាញវិជ្ជាជីវៈ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៍ អ្នកលក់ដូរ អាជីវករ ពាណិជ្ជករ វិនិយោគិនដែលប្រកបអាជីវកម្មមីក្រូតូច មធ្យម តាមផ្សារ ផ្សារទំនើប ម៉ាត ហាងលក់ដូរ សហគ្រាស ក្រុមហ៊ុន ឬមូលដ្ឋានអាជីវកម្ម គ្រប់កម្រិតតាមវិស័យ តាមផ្នែក និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ព្រមទាំងបម្រើសកម្មភាពក្នុងវិស័យមនុស្សធម៌ សប្បុរសធម៌ និងកិច្ចការសង្គម៕