(វ៉ាស៊ីនតោន)៖ សេតវិមាននៃរដ្ឋធានីវ៉ាស៊ីនតោន បានប្រកាសថាប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា នឹងធ្វើដំណើរ ទៅកាន់ប្រទេសចិន និងឡាវ នៅដើមខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 រួចនឹងបន្តដំណើរ ទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសឡាវ ជាលើកដំបូង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរខាងលើនេះ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ទី៩ ខែកញ្ញា ដោយក្នុងនោះ ប្រធានាធិបតីអាមេរិកនឹងចូលរួមក្នុងនាមជាប្រធាននៃ វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៅក្នុងកិច្ចប្រជុំកំពូល G20 ដែលប្រារព្ធឡើងនៅប្រទេសចិន។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ថា វាជារបត់នយោបាយរបស់អាមេរិក ក្នុងរក្សាតុល្យភាពនៅតំបន់អាស៊ី និង ប៉ាស៊ីហ្វិក។
សម្រាប់ដំណើរទៅកាន់ប្រទេសឡាវវិញ លោក បារ៉ាក់ អូបាម៉ា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ។ បន្ទាប់ពីនោះលោកនឹងជួបពិភាក្សាទ្វេភាគី ជាមួយនឹងប្រធានាធិបតីឡាវលោក Bounnhang Vorachith និងមន្ត្រីរដ្ឋាភិបាលឡាវសំខាន់ៗដៃទៀត ដើម្បីជជែកគ្នាអំពីទំនាក់ទំនងសេដ្ឋកិច្ចរវាង អាមេរិក និងឡាវ, ការអភិវឌ្ឍ, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម។ នៅដើមខែកញ្ញា ខាងមុខនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកទី១១ ហើយរបស់លោក អូបាម៉ា មកកាន់តំបន់អាស៊ី និងលើកដំបូងសម្រាប់ឡាវ៕